ព័ត៌មានជាតិ

កម្ពុជា បណ្តេញជនជាតិកូរ៉េចំនួន ៦៤នាក់ ក្នុងនោះ បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥៩នាក់

ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ តុលា បានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ច នៃសាធារណរដ្ឋកូរ៉េ ធ្វើការ បណ្តេញជនជាតិកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តល្មើសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦៤នាក់ ស្រី ៥នាក់ ក្នុងនោះបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួន ៥៩នាក់ ស្រី ៤នាក់។

យោងតាមការជូនដំណឹង របស់ភាគីកូរ៉េ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងបញ្ជូនយន្តហោះពិសេស ដើម្បីមកទទួលជនជាតិ​ កូរ៉េខាងត្បូងទាំង ៦៤នាក់ ខាងលើ ត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញ នៅវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សូមធ្វើការបញ្ជាក់ជូនជ្រាបថា ក្នុងការអនុវត្ត ការងារនាពេលកន្លងមក អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក៏បានធ្វើការបណ្តេញ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ដែលបានប្រព្រឹត្តល្មើស ច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា និងបទល្មើសផ្សេងៗ នៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិជាបន្តបន្ទាប់ផងដែរ៕

To Top