ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥, ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និង ជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ ៩៩ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។
នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំ សូមកោតសរសើរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
