អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាប្រចាំ IPU ច្រានចោលការចោទថា កម្ពុជាបង្កើនការវាយប្រហារថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃគណៈប្រតិភូ ព្រះរាជាណាចក្រកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុងនូវរបាយការណ៍មិនពិត និងបំភាន់ ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមចំណងជើងថា “ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍មិនពិតដែលផ្សាយ ដោយកាសែត The Nation ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥បានឱ្យដឹងថា របាយការណ៍របស់ភាគីថៃបានបំភ្លៃការពិតទាំងស្រុង ដោយបានពណ៌នាខុសថា កម្ពុជាបានវាយ ប្រហារប្រទេសថៃនៅគ្រប់វេទិកា” និង “ប្រើប្រាស់វេទិកា IPU ដើម្បីរិះគន់ប្រទេសថៃ»។
ប្រភពបន្តថា ផ្ទុយទៅវិញ ក្នុងអំឡុងកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងមហាសន្និបាត សភាអាស៊ី (APA) គណៈប្រតិភូកម្ពុជា តែងតែបានប្រកាន់ខ្ជាប់ ជានិច្ច នូវឥរិយាបថប្រកបដោយកិត្តិយស ភាពអត់ធ្មត់ និងការគោរព ចំពោះគ្រប់សមាជិកសភាទាំងអស់ ដោយអនុលោមយ៉ាងពេញលេញតាមគោលការណ៍របស់ IPU អាស៊ាន និងការទូតសភា នៅលើឆាកអន្តរជាតិ។
ជាងនេះទៅទៀត កម្ពុជាពុំបានប្រើពាក្យពេចន៍ ណាមួយនៅក្នុងបទអន្តរាគមន៍ផ្លូវការ របស់គណៈប្រតិភូកម្ពុជា ដែលបង្ហាញថា កម្ពុជាជំទាស់ នឹងសំណើរបស់ថៃនោះទេ កម្ពុជាគ្រាន់តែបានស្នើសុំឱ្យសេចក្តីព្រាងសេចក្តីសម្រេចដែលបានស្នើឡើង ដោយគណៈប្រតិភូថៃ ត្រូវបានពិនិត្យ និងកែលម្អឡើងវិញ ដើម្បីឆ្លុះបញ្ចាំង ឱ្យបានត្រឹមត្រូវនូវគោល ការណ៍គ្រឹះរបស់ IPU គឺភាពមិនលម្អៀង អព្យាក្រឹត និងកិច្ចសហប្រតិបត្តិការ ពហុភាគីប្រកបដោយស្ថាបនា ៕


