ព័ត៌មានជាតិ

កម្ពុជា-ថៃ ផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃ GBC សំដៅលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក នៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សំដៅលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨៖០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់កម្ពុជា និងថៃ តំណាងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងតំណាងភាគីម៉ាឡេស៊ីចូលរួមផងដែរ៕

To Top