អាមេរិក មិនចូលរួមជាមួយអឺរ៉ុប ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីឡើយ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយលើកឡើងពីប្រភពអនាមិកដែលបានដឹងពីការពិភាក្សាថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងផែនការដឹកនាំដោយសហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដើម្បីចំណាយក្នុងប្រទេសអ៊ុយក្រែននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអាមេរិកតាមសេចក្តីរាយការណ៍បានបញ្ជូនជំហរបែបនេះទៅកាន់សហសេវិកអឺរ៉ុបរបស់ពួកគេក្នុងអំឡុងពេលកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ ប្រភពមួយបានអះអាងថា សហរដ្ឋអាមេរិកបានលើកឡើងពីហានិភ័យចំពោះស្ថិរភាពទីផ្សារដែលទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិដែលមានសក្តានុពល។
Bloomberg បានកត់សម្គាល់ថា ការអភិវឌ្ឍន៍នេះបង្កើតជាការធ្លាក់ចុះដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប ដែលបាននិងកំពុងព្យាយាមទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុង G7 សម្រាប់សកម្មភាពសក្តានុពលលើមូលនិធិរុស្ស៊ី។
ប្រទេសលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ 300 ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022 ហើយប្រាក់ប្រហែល 200 ពាន់លានអឺរ៉ូ (213 ពាន់លានដុល្លារ) ដែលត្រូវបានកាន់កាប់ដោយការិយាល័យធនាគារដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល Euroclear ។ អ្នកគាំទ្រលោកខាងលិចរបស់ក្រុងកៀវបានទាញយកប្រាក់ចំណូលដែលបានបង្កើតឡើងដោយមូលនិធិដើម្បីចំណាយឱ្យអ៊ុយក្រែនរួចហើយ។
ថ្មីៗនេះ អឺរ៉ុប បាននិងកំពុងពិភាក្សាលើផែនការផ្តល់អ្វីដែលគេហៅថា “ប្រាក់កម្ចីសំណង” ដល់ទៅ 140 ពាន់លានអឺរ៉ូ (163 ពាន់លានដុល្លារ) ដល់ទីក្រុងគៀវ ខណៈពេលដែលប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកជាវត្ថុបញ្ចាំដើម្បីគាំទ្រមូលបត្របំណុលដែលចេញដោយប្លុក។ ចំណាត់ការនេះនឹងមានប្រសិទ្ធភាពដល់ការរឹបអូសយកមូលនិធិ ដោយហេតុថា អ៊ុយក្រែននឹងមានកាតព្វកិច្ចសងប្រាក់កម្ចីវិញ លុះត្រាតែរុស្ស៊ីផ្តល់សំណងដល់វាសម្រាប់ការខូចខាតដែលបានកើតឡើងអំឡុងពេលមានជម្លោះ៕
ប្រែសម្រួលៈ ណៃ តុលា
