ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ២២ តុលានេះ បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី។

ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលចម្បងៗនៃកិច្ចប្រជុំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាល និងដល់បណ្តាសារពត៌មាន ដែលក្នុងនោះ រួមមាន ៖ ការរៀបចំគោលនយោបាយត្រួតពិនិត្យកម្មវិធី/គម្រោងកិច្ចពិភាក្សា , ការសម្រេចនានាក្នុងតំបន់ , របាយការណ៍វឌ្ឍនភាព , ការពិចារណាការកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងពិភាក្សាស្វែងរកកាលានុវត្តភាព សម្រាប់ដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យនិងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។

សាស្ត្រាចារ្យគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈប្រដំប្រសង និងស៊ីចង្វាក់ស្របនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជា ហើយដែលកម្ពុជាបានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាលលើប្រធានបទសំខាន់ៗ ជាអាទិភាពដូចខាងក្រោម៖ ១) ការប្រែប្រួលអាកាសធាតុ , ២) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង , ៣) សន្តិសុខសុខភាព ដូចជាជំងឺឆ្លង , ៤) ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម , ៤) ការគ្របដណ្តប់សុខភាពជាសកល , ៥) សុខភាពមាត់ , ៧) សុខាភិបាលឌីជីថល , ) ការអភិវឌ្ឍមូលធនមនុស្សសុខាភិបាល និងកម្មវិធីចាក់ថ្នាំបង្ការ៕

To Top