ព័ត៌មានជាតិ

ពីទីក្រុងហ្សឺណែវ កម្ពុជា ទទូចឱ្យមានការដោះលែងទាហាន ១៨រូប ដែលថៃចាប់ខ្លួន ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់

ភ្នំពេញ៖ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក អ៊ុច បូររិទ្ធអនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានទទូចឱ្យមានការដោះលែងទាហានកម្ពុជា១៨រូប ដែលថៃចាប់ខ្លួន ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី១៨ កក្កដា ២០២៥ ។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) លោក អ៊ុច បូររិទ្ធ បានលើកឡើងពីបញ្ហា ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់ជនស៊ីវិល ការបំផ្លាញហេដ្ឋា-រចនាសម្ព័ន្ធ ផ្ទះសម្បែង សាលារៀន វត្តអារាម ប្រាសាទបូរាណ និងជនភៀសសិករាប់សែននាក់ នៅកម្ពុជា ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងអះអាងថា កម្ពុជាបន្តរក្សាជំហរដោះស្រាយជម្លោះជាមួយប្រទេសជិតខាងដោយសន្តិវីធី ទាំងយន្តការទ្វេភាគី និងពហុភាគី ស្របតាមច្បាប់អន្តរជាតិ។

លោក សង្កត់ធ្ងន់ថា «កម្ពុជាចង់បានតែសន្តិភាព និងទទូចស្នើភាគីថៃដោះលែងទាហានកម្ពុជា១៨ រូប ដែល ចាប់ខ្លួនដោយទាហានថៃ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃ១៨ កក្កដា ២០២៥»៕

To Top