ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ស្វាគមន៍ចំពោះវឌ្ឍនភាព កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានស្វាគមន៍ចំពោះវឌ្ឍនភាព កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅម៉ាឡេស៊ី បានពិភាក្សាអំពីការវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ ចំពោះវឌ្ឍនភាព កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សា អំពីការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើត ក្រុមសង្កេតការណ៍ អាស៊ាន(AOT) ដែលជាការរួមចំណែក ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ កាន់តែមានភាពច្បាស់លាស់»។

រដ្ឋាភិបាលជប៉ុន ក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត របស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានដែលបានគាំទ្រ ដល់ការពិភាក្សារវាងប្រទេសកម្ពុជានិងថៃ។

ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគោរព តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា។

ក្នុងន័យនេះ ជប៉ុន នឹង បន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា៕

To Top