ព័ត៌មានជាតិ

កម្ពុជា រៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច លើកទី១ ដោយជំរុញការផលិត កែច្នៃ និងការនាំចូលទីផ្សារអ៊ឺរ៉ុប

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទីមួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប»។

វេទិកានេះមានគោលបំណងពង្រឹងវិស័យស្វាយចន្ទី និងម្រេចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ការផលិត ការកែច្នៃ និងការឈានចូលទីផ្សារថ្មីៗ ដែលរួមចំណែកដល់គោលដៅជំរុញទំនើបកម្មឧស្សាហកម្ម និងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទី១ ត្រូវបានសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហភាពអឺរ៉ុប សហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់ សហព័ន្ធស្វាយចន្ទីកម្ពុជា និងសហគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដោយបានប្រមូលផ្តុំក្រុមហ៊ុនផលិត កែច្នៃ នាំចេញ អ្នកវិនិយោគ និងក្រុមហ៊ុនចែកចាយក្នុងវិស័យស្វាយចន្ទី និងម្រេចប្រមាណ ៣០០ នាក់ មកពីកម្ពុជា អាស៊ាន និងអ៊ឺរ៉ុប។

លោក ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមានស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១ ស្តង់ដារ និងផលិតផលម្រេចចំនួន ៤ ស្តង់ដារ ហើយកំពុងកែសម្រួលស្តង់ដារគ្រាប់ស្វាយចន្ទីឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។

លោក បានបន្ថែមថា នាពេលថ្មីៗនេះ កម្លាំងផលិត និងកែច្នៃក្នុងស្រុកកំពុងទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លា និងកំពុងមានសន្ទុះនិងចលនការគួរជាទីមោទនៈ។ ក្រសួង លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមសហការ ដើម្បីអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូន កន្លែងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖“កម្ពុជាកំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មីៗ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពីកិច្ចសម្រួលពាណិជ្ជកម្មនិងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ លោក បានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប៕

To Top