ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ ការធ្វើឱ្យប្រសើរឡើង នូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជន មានពិការភាព គឺជាការងារដ៏មានសារៈសំខាន់

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជនមានពិការភាព គឺជាការងារមួយដ៏មានសារៈសំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានកិត្តិយសក្រុមការងារ​ សកម្មភាពជនពិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ នៅទីការក្រសួងទេសចរណ៍ ។

ពិធីបើកសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ, លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, សមាគមទេសចរណ៍ សមាគមតន្ត្រីសំនៀងជនពិការ និងវិស័យឯកជន, និងជនមានពិការភាព និងអង្គសិក្ខាសាលាទាំងអស់ប្រមាណ ២៦០រូប ។

ថ្លែងក្នុងឱកាសនៃអង្គសិក្ខាសាលា លោករដ្ឋមន្រ្តី បានលើកឡើងថា ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើង នូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជន មានពិការភាព គឺជាការងារមួយដ៏មានសារៈសំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ចំនួន ២ ដំណាក់កាល ពោលគឺ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨, និងដំណាក់កាលទី២ ឆ្នាំ ២០១៩-២០២៣។ ចំណែកនៅដំណាក់កាលទី៣, ការរៀបចំដាក់ឱ្យអនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០២៤-២០២៨ គឺជាការបន្តកម្មវិធីកែទម្រង់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយសមត្ថភាព ថាមពល និងបញ្ញាញាណដ៏ឆ្នើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាព ជនពិការ ដើម្បីធានាថា ជនមានពិការភាពគ្រប់វ័យ និងគ្រប់ប្រភេទទាំងអស់ រស់នៅប្រកបដោយគុណភាព ក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ព្រមទាំងអាចចូលរួមដោយស្មើភាព ក្នុងសង្គមមួយប្រកបដោយបរិយាបន្ន ដែលគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពចម្រុះ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចថា ក្រសួងទេសចរណ៍ បានចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយបង្កើតបរិស្ថានអំណោយផល និងឱកាសឱ្យពួកគេបានចូលរួម យ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានផល ពីកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយសមភាព និងសមធម៌ តាមរយៈការលើកកម្ពស់កិច្ចគាំពារ ការគាំទ្រ ការផ្តល់សេវាកម្ម និងឱកាសសមស្រប ដល់ជនមានពិការភាព នៅក្នុងវិស័យទេសចរណ៍ រាប់ទាំងការគិតគូរពី ផាសុកវត្ថុសម្រាប់បងប្អូនជនពិការ នៅតាមមណ្ឌលកម្សាន្ត អាជីវកម្មទេសចរណ៍ និងសេវាកម្មទេសចរណ៍ ថែមទៀតផងដែរ ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top