សម្ដេចតេជោ ៖ អ្នកតាំងខ្លួនជាគ្រូ កិច្ចព្រមព្រៀង ទីក្រុងបារីស តើបានដឹងកើតឡើង យ៉ាងណាខ្លះ?
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានផ្ញើសារទៅកាន់ក្រុមមនុស្សមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស ដែលបានតាំងខ្លួនឯងជាគ្រូ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ប្រទេសបារាំង ២៣ តុលា តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ? ។
ក្នុងឱកាសអញ្ជើញ ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសមានប្រសាសន៍ រំលឹករៀបរាប់ពីដំណើរ នៃកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស ។
សម្តេចតេជោមានប្រសាសន៍ថា ការចែករំលែក របស់សម្តេចអំពីដំណើរការនៃកិច្ចព្រមព្រៀងប៉ារីសនេះ នឹងជាចំណែកមួយ ដើម្បីចែករំលែកនៃការយល់ដឹង ទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួន ដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
សម្តេចតេជោរំលឹកទៀតថា ទម្រាំបានកើតចេញជាកិច្ចព្រមព្រៀង សន្តិភាពទីក្រុងបារីសនេះ គឺគ្រប់ភាគីពាក់ព័ន្ធបានឆ្លងកាត់ ឧបសគ្គយ៉ាងច្រើន ។
ដូច្នេះសម្តេចតេជោ បានសង្កត់ធ្ងន់ផ្តាំទៅមនុស្សមួយចំនួន តាំងខ្លួនជាគ្រូកិច្ចព្រមព្រៀង សន្តិភាពទីក្រុងបារីសថា “ថ្ងៃនេះខ្ញុំគួរតែនិយាយថា អ្នកដែលតាំងខ្លួន ជាគ្រូកិច្ចព្រមព្រៀងបារីសទាំងឡាយអើយ គួរតែដឹងរឿងហេតុការណ៍ ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ” ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ដំណើរការ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពី៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគី៤ របស់កម្ពុជារួមមាន ៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា , ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ , រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជា ប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕
