ព័ត៌មានជាតិ

សម្តេចតេជោ ៖ មានអ្នកចង់ប្តឹង ទៅសហប្រធាន កិច្ចព្រមព្រៀងបារីស ករណីថៃបំពានកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា មានអ្នកចង់ប្តឹងទៅសហប្រធាន នៃកិច្ចព្រមព្រៀងបារីស អំពីការបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ។
ចំពោះអ្នកចង់ឲ្យប្តឹងនេះ សម្តេចតេជោ លើជាសំណួរថា តើម្ចាស់ហត្ថលេខី និងសហប្រធាន តើពួកគាត់ព្រមដែរទេ? ។

នាឱកាសអញ្ជើញ ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ចោទសួរទៅអ្នកចង់ឲ្យប្តឹងនោះថា តើម្ចាស់ហត្ថលេខី និងសហប្រធានកិច្ចព្រមព្រៀងប៉ារីស តើពួកគាត់ព្រមដែរទេ?។

សម្តេចប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា “ឥឡូវមានអ្នកអំពាវនាវឲ្យប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ទាក់ទិន ជាមួយនឹងការឈ្លានពាន របស់ប្រទេសជិតខាង… ត្រូវហើយ ។ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ សាកល្បងសួរទៅឥណ្ឌូនេស៊ី និងទៅបារាំងមើលតើគេព្រមកោះទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះរបៀបម៉េច?” ។

សម្តេចតេជោក៏បានលើកឡើងជាចំណោទទៅមានអ្នកមានបំណងចង់ប្តឹង ទៅសហប្រធានកិច្ចព្រមព្រៀងប៉ារីសអំពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃថា រឿងនេះត្រូវរិះគិតបន្តិចព្រោះថៃគេក៏បានចោទថា កម្ពុជាបានរំលោភទៅទឹកដីគេ ហើយកម្ពុជាបានចោទថៃថា ជាអ្នកបំពានលើកម្ពុជា ។ ដូច្នេះការចោទប្រកាន់គ្នាទៅវិញទៅមករបៀបនេះ តើនឹងដោះស្រាយបានទេ ? គឺពិតជាដោះស្រាយមិនបានឡើយ។

សម្តេចតេជោបន្តចោទជាសំណូរថា តើអ្នកលើកឡើង នោះពិតជាមិនយល់ ឬធ្វើមិនយល់ ?។ បើសិនជាផ្អែកលើកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស បានមែននោះ មិនចាំបាច់ទៅរកតុលាការអន្តរជាតិ ឬដោះស្រាយជាមួយគ្នាទេ គឺនាំគ្នាទៅរកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ឲ្យជួយដោះស្រាយតែម្តងហើយ ។

ចំពោះជម្លោះព្រំដែននេះ សម្តេចតេជោ សង្កត់ធ្ងន់ថា បច្ចុប្បន្នស្ថានភាពបានឈានទៅដល់ការស្រុះស្រួលខ្លះគ្នាហើយ ក្រោយមានកិច្ចប្រជុំជាមួយគ្នា រវាងភាគីទាំងពីរជាច្រើនលើក ជាច្រើនសារក្នុងរយៈពេលប៉ុន្មានមកនេះ ។ ក្នុងនោះ សម្តេចតេជោគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខ អាចនឹងមានការចុះកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជា-ថៃ ៕

To Top