សហភាពអឺរ៉ុប បរាជ័យក្នុងការព្រមព្រៀងគ្នា លើការប្រើប្រាស់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ជំនួយអ៊ុយក្រែន
ប្រ៊ុចសែល ៖ មេដឹកនាំសហភាពអឺរ៉ុប បានបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការព្រមព្រៀងគ្នាលើផែនការ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ប្រាក់កម្ចីថ្មី សម្រាប់អ៊ុយក្រែន បន្ទាប់ពីការបែកបាក់ បានលេចឡើងម្តងទៀត នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប ។
សេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលមានពាក្យពេចន៍ទន់ ជាងសេចក្តីព្រាងមុនៗ ដែលឆ្លុះបញ្ចាំងពីការជំទាស់ និងកង្វល់ផ្នែកច្បាប់ របស់បែលហ្ស៊ិកដែលលើកឡើង ដោយធនាគារកណ្តាលអឺរ៉ុប (ECB) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មេដឹកនាំសហភាពអឺរ៉ុប បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធារបស់ពួកគេចំពោះអ៊ុយក្រែន ប៉ុន្តែមិនបានគាំទ្រយន្តការ ផ្តល់ហិរញ្ញប្បទានជាក់លាក់ណាមួយឡើយ ។ សេចក្តីសន្និដ្ឋានគ្រាន់តែអញ្ជើញគណៈកម្មការឱ្យបង្ហាញ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជម្រើសសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្អែកលើការវាយតម្លៃតម្រូវការ ហិរញ្ញវត្ថុរបស់អ៊ុយក្រែន” ដោយថាបញ្ហានេះនឹងត្រូវបានពិនិត្យឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប លើកក្រោយនៅក្នុងខែធ្នូ។
ឯកសារនេះក៏បានបញ្ជាក់ម្តងទៀតថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីគួរតែនៅដដែលរហូតដល់ “រុស្ស៊ីបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន និងផ្តល់សំណងដល់ការខូចខាត ដែលខ្លួនបានបង្កឡើង”។ ជម្លោះនេះផ្តោតលើសំណើមួយដែលបានលើកឡើងដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហភាពរបស់លោកស្រីកាលពីខែកញ្ញា ដើម្បីបង្កើត «ប្រាក់កម្ចីសំណង» ចំនួនប្រហែល ១៤០ ពាន់លានអឺរ៉ូ (ប្រហែល ១៦៣ ពាន់លានដុល្លារអាមេរិក) ដែលគាំទ្រដោយទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី ដែលត្រូវបានបង្កក៕
ប្រែសម្រួល ឈូក បូរ៉ា
