គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សហជីព និងពលរដ្ឋកម្ពុជាសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ភ្នំពេញ៖ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សហជីព និងប្រជាពលរដ្ឋកម្ពុជា បង្ហាញការសាទរចំពោះកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបង្ហាញពីជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម បាននាំយកសន្តិភាពពិតប្រាកដជូនជាតិមាតុភូមិ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូយ៉ាងហ្មត់ចត់ ដែលយកជម្រើសមិនបង្កសង្គ្រាមតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដែលទទួលបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមរវាងប្រទេសកម្ពុជា និងថៃ ហើយនាំមកនូវព្រំដែនសន្តិភាពជូនប្រទេសទាំងពីរបានយ៉ាងល្អប្រសើរបំផុត។

លោកថ្លែងថា៖«ជម្រើសដ៏ល្អបំផុតដែលរដ្ឋាភិបាលបានសម្រេចធ្វើ ហើយនិងទទួលបានជោគជ័យនៅក្នុងថ្ងៃនេះ គឺជាការសាទរមួយដ៏ធំធេង ជាការនាំមកនូវជោគជ័យដ៏ធំធេង ហើយក្នុងនាមសហជីព ខ្ញុំសូមសាទរ គាំទ្រ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបន្តនូវបញ្ហាដែលនៅសេសសល់»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយនៅពេលទទួលដំណឹងថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅប្រទេសម៉ាឡេស៊ី ដែលនេះបានបង្ហាញពីការដឹកនាំដ៏ជោគជ័យរបស់សម្តេចធិបតីទាក់ទងនិងយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម ដែលបាននាំយកសន្តិភាពជូនកម្ពុជាទាំងមូល ដោយបានដោះស្រាយបញ្ហានៅព្រំដែន និងធ្វើឱ្យការវិនិយោគមានភាពល្អប្រសើរឡើងវិញ។
លោកថ្លែងថា៖«ការចុះកិច្ចព្រមព្រៀងកម្ពុជាជាមួយថៃ ដែលមានចូលរួមពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដេ្ឋអាមេរិក គឺខ្ញុំសប្បាយចិត្តជាខ្លាំង ជាពិសេស បង្ហាញពីជោគជ័យក្នុងការដឹកនាំរបស់សម្តេចធិបតីដែល យកសន្តិភាព ការចរចារ ការធ្វើការងារការទូតល្អ ដែលធ្វើឱ្យបងប្អូនរួមជាតិកាត់តែទទួលស្គាល់ និងអបរសម្តេចធិបតីដែលជាថ្នាក់ដឹកនាំកំពូលមានទស្សនវិស័យខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ»។
លោកស្រី អ៊ូ ព្រំសុធារី នាយិការរងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះកិច្ចព្រមព្រៀងនាំមកនូវសន្តិភាព ធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិមានភាពរីកចម្រើនឡើង មានការអភិវឌ្ឍ ចៀសផុតពីសង្គ្រាម និងមានទំនាក់ទំនងល្អជាមួយគ្នា។
លោកស្រីថ្លែងថា៖«ការចុះកិច្ចព្រមព្រៀងថ្ងៃនេះ ខ្ញុំរីករាយមែនទែន ហើយសង្ឃឹមថា ប្រទេសកម្ពុជាយើងនឹងទទួលបានសុខសន្តិភាពគ្រប់កាលៈទេសៈ។ខ្ញុំមើលឃើញថា យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម របស់សម្តេចធិបតី គឺបើគេបង្កបញ្ហាជុំវិញព្រំដែនគឺគាត់មិនស្ងៀមទេ គាត់ព្យាយាមធ្វើការចរចារ ដោះស្រាយ សម្របសម្រួលដោះស្រាយគ្រប់ពេលវេលាទាំងអស់»។
លោក អ៊ីវ សំបូរ ប្រជាពលរដ្ឋនៅខេត្តកំពត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់របស់សម្តេចនាយករដ្ឋមន្ត្រី និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម ស្វែករកសន្តិភាពជូនជាតិមាតុភូមិក្នុងមនសិការស្នេហាជាតិខ្ពស់។
លោកថ្លែងថា៖«ទម្រាំតែមានថ្ងៃនេះ មិនមែនរដ្ឋាភិបាលនៅស្ងៀមមិនធ្វើអ្វីសោះនោះទេ ច្បាស់ណាស់ផលថ្ងៃនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងគ្រប់ពេលវេលា ការអត់ធ្មត់ដ៏កំពូល ដើម្បីសុខសន្តិភាពជូនជាតិមាតុភូមិ។ ខ្ញុំត្រេកអរ និងអរគុណជាអនេកចំពោះសម្តេចធិបតីដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុកប្រជាពលរដ្ឋ គ្រប់ពេលវេលា»។
ពិតណាស់ កិច្ចព្រមព្រៀងសន្តិភាពជាឯកសារគតិយុត្តអន្តរជាតិ ដែលប្រទេសហត្ថលេខីមានកាតព្វកិច្ចត្រូវតែគោរព។ បើថៃមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឱ្យភាគីថៃអស់ឥទ្ធិពលនៅក្នុងអាស៊ាន បាក់មុខលើឆាកអន្តរជាតិ បង្ហាញពិភពលោកឱ្យឃើញកាន់តែច្បាស់ពីគំនិតចក្រពត្តិរបស់ខ្លួននៅក្នុងតំបន់ ហើយថៃនឹងក្លាយជាប្រទេសដែលពិភពលោកស្អប់ខ្ពើម៕
