អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទឹកជំនន់បឹងទន្លេសាបដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករនៅឃុំមេទឹក ស្រុកបាកាន
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ នៅឃុំមេទឹក ស្រុកបាកាន ដើម្បីត្រៀមរៀបចំស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញនៅពេលទឹកស្រក។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង យើងឃើញថា ដំណាំស្រូវទាំងអស់ អាចនឹងប្រឈមការខូចខាតទាំងស្រុង ព្រោះថាស្ថានភាពទឹកបឹងទន្លេសាប ក៏នៅឡើង និងអាចជន់លិចរយៈពេលយូរទៀតផងដែរ។

លោកអភិបាលខេត្តក៍បានបន្ថែមថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺយើងត្រៀមរៀបចំធ្វើរបាយការណ៍ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឱ្យបងប្អូនកសិករយើង មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៍បានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ៕

ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)

