មហាអំណាច អាមេរិក-ចិន ឈានដល់ការឯកភាពគ្នា ជាមូលដ្ឋាន លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម
កូឡាឡាំពួរ ៖ លោក Li Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន ប្រចាំក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នា ជាមូលដ្ឋាន លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗមួយចំនួន ដែលជាកង្វល់រៀងៗខ្លួន ហើយបន្ទាប់មកនឹងឆ្លងកាត់នីតិវិធី អនុម័តក្នុងស្រុករៀងៗខ្លួន។
លោកបានធ្វើការកត់សម្គាល់នេះ នៅពេលផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មជុំថ្មីរវាងចិន និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃកន្លងមក។ ក្នុងរយៈពេលមួយខែកន្លងមកនេះ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានជួបប្រទះនឹងភាពចលាចល និងការប្រែប្រួលមួយចំនួន ដែលបានទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក។
លោកបានលើកឡើងថា ចាប់តាំងកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សឺណែវនៅខែឧសភានេះ ប្រទេសចិន បានអនុវត្តតាមការឯកភាពគ្នា យ៉ាងតឹងរ៉ឹងក្នុងការហៅទូរស័ព្ទជាច្រើនលើករវាងប្រមុខរដ្ឋទាំងពីរ អនុវត្តដោយស្មោះត្រង់ និងស្មោះស្ម័គ្រនូវលទ្ធផល នៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការពារទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក ដែលរកបានដោយលំបាក និង មានស្ថិរភាព។
លោកបានកត់សម្គាល់ថា ភាពចលាចល និងការប្រែប្រួលបែបនេះមិនមែនជាអ្វីដែលប្រទេសចិនចង់ឃើញនោះទេ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅ និងស្មោះត្រង់លើបញ្ហានានា រួមទាំងវិធានការផ្នែកទី ៣០១ របស់សហរដ្ឋអាមេរិក លើវិស័យសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន ការពង្រីកការផ្អាក ពន្ធទៅវិញទៅមក ពន្ធទាក់ទងនឹងសារធាតុហ្វេនតានីល និងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ការពង្រីកពាណិជ្ជកម្ម និងការគ្រប់គ្រងការនាំចេញ។
លោកបានបន្ថែមថា ភាគីទាំងពីរបានធ្វើការពិភាក្សា ប្រកបដោយស្ថាបនាលើដំណោះស្រាយ ដើម្បីដោះស្រាយកង្វល់របស់ភាគីទាំងពីរឱ្យបានត្រឹមត្រូវ និងឈានដល់ការឯកភាពគ្នាជាមូលដ្ឋាន។ លោកបន្ដថា ភាគីសហរដ្ឋអាមេរិកបានបង្ហាញជំហរ របស់ខ្លួនតាមរបៀបដ៏ម៉ឺងម៉ាត់ ហើយភាគីចិននៅតែប្តេជ្ញាចិត្តក្នុងការការពារផលប្រយោជន៍របស់ខ្លួន។ លោកបានកត់សម្គាល់ថា ពេញមួយកិច្ចពិភាក្សា ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានរក្សាការគោរពគ្នាទៅវិញទៅមក និងចូលរួមក្នុងការសន្ទនា ដោយស្មើភាពគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
