ព័ត៌មានជាតិ

បារាំង នឹងតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ

ភ្នំពេញ ៖ ក្រោយចុះព្រមព្រៀងសន្តិភាពជាមួយគ្នារវាងកម្ពុជានិងថៃរួចមក ក្រសួងអឺរ៉ុប និងការបរទេសបារាំងបានអះអាងថា នឹងតាមដានចំពោះការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អានុទីន នាយករដ្ឋមន្រ្តីថៃបានចុះហត្ថលេខា លើឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាំហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេន។

សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥បានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមសន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុជា-ថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។

បារាំងវាយតម្លៃខ្ពស់ជាពិសេសចំពោះការចុះហត្ថលេខាលើលក្ខខណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន , ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន , ការបន្តការដោះមីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃស្តីពីការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។ 

ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក បារាំងនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ៕

To Top