សម្តេចធិបតី ៖ ការពង្រីកសមាជិកភាព RCEP នឹងបង្កើនភាពជឿជាក់ ដែលជាកម្លាំងចលករដ៏សំខាន់ នៃកំណើនប្រកបដោយចីរភាព
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការពង្រីកសមាជិកភាព របស់កិច្ចព្រមព្រៀង RCEP នឹងបង្កើនភាពជឿជាក់ និងបរិយាបន្នរបស់កិច្ចព្រមព្រៀង ដែលជាកម្លាំងចលករដ៏សំខាន់ នៃកំណើនប្រកបដោយចីរភាព ។

យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៥។

កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានគូសបញ្ចាក់ ពីតួនាទីដ៏សំខាន់ នៃកិច្ចព្រមព្រៀង RCEP ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងបង្កើនភាពធន់ ស្របពេលនៃការកើនឡើង នូវភាពមិនប្រាកដប្រជា របស់សកលលោក ។ ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះការអនុវត្ត កិច្ចព្រមព្រៀង RCEP ឱ្យបានពេញលេញ និងប្រកបសដោយប្រសិទ្ធភាព ដោយធានាទីផ្សារបើកចំហ និងអាចព្យាករណ៍ បានការកាត់បន្ថយ របាំងពាណិជ្ជកម្មដែលមិនចាំបាច់ និងការធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្មនិង វិនិយោគនៅទូទាំងតំបន់។

ជាងនេះទៅទៀត ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីផ្សារប្រមាណ ១ភាគ៣នៃចំនួន ប្រជាជន និងផលិតផលក្នុងស្រុកសរុប របស់ពិភពលោក និងបានបង្ហាញពីមហិច្ឆតាបន្ថែមទៀត ក្នុងការប្រើប្រាស់ការពិនិត្យឡើងវិញទូទៅ នៃកិច្ចព្រមព្រៀង RCEP ដែលគ្រោងនឹងធ្វើឡើង នៅឆ្នាំ២០២៧ ដើម្បីធ្វើឱ្យ RCEP ក្លាយទៅជាកិច្ចព្រមព្រៀង ដែលទំនើប រស់រវើក និងមានស្តង់ដាខ្ពស់ ដោយរួមបញ្ចូលបទប្បញ្ញត្តិ លើបញ្ហាសម័យទំនើប និងដែលកំពុងលេចឡើង រួមមានសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាដើម។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា RCEP គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់កម្ពុជា ចំពោះពាណិជ្ជកម្ម ដែលមានមូលដ្ឋានលើច្បាប់ និងជាឧទាហរណ៍ នៃតំបន់និយមបើកចំហ ដែលផ្អែកលើមជ្ឈភាពអាស៊ាន។

បន្ថែមលើនេះ សម្តេចធិបតី បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះការពន្លឿនការចូលជាភាគីថ្មី របស់ RCEP ស្របតាមនីតិវិធី ដែលបានព្រមព្រៀងគ្នា ដោយសង្កត់ធ្ងន់ថា ការពង្រីកសមាជិកភាព របស់កិច្ចព្រមព្រៀង RCEP នឹងបង្កើនភាពជឿជាក់ និងបរិយាបន្នរបស់កិច្ចព្រមព្រៀង ដែលជាកម្លាំងចលករដ៏សំខាន់ នៃកំណើនប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ ដារាត់| ដើមអម្ពិល


