ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យគុណភាព នៃការស្ថាបនាផ្លូវជនបទចំនួន៥ខ្សែ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន៥ខ្សែ នៅក្នុងខេត្តបាត់ដំបង។

ផ្លូវជនបទចំនួន៥ខ្សែ មានដូចខាងក្រោម៖

-ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំបូកខ្ពស់ ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ៣ ៣១០គ្រួសារ ស្មើនឹង ១៥ ៨៣២នាក់ និងដោយប្រយោលចំនួន ១៧ ០៨២គ្រួសារ ស្មើនឹង ៧៩ ៥១២នាក់។

-ខ្សែផ្លូវទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៥៦៩គ្រួសារ ស្មើនឹង ៨ ៤១១នាក់ និងដោយប្រយោលចំនួន ៤ ៣៥០គ្រួសារ ស្មើនឹង ២៣ ១៥៨នាក់។

ខ្សែផ្លូវទាំងពីរខ្សែនេះ ត្រូវបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥នេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF) ដែលមានប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីខ្សែផ្លូវទាំងពីរនេះដោយផ្ទាល់ចំនួន ៤ ៨៧៩គ្រួសារ ស្មើនឹង ២៤ ២៤២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២១ ៤៣២គ្រួសារ ស្មើនឹង ១០២ ៦៧០នាក់។

-ខ្សែផ្លូវទី៣៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតក្នុងគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានប្រវែង ១១,៦០គីឡូម៉ែត្រ តភ្ជាប់ពីភូមិថ្មី ឃុំកំពង់ព្រៀងទៅដល់ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។ ក្នុងឱកាសនៃការចុះពិនិត្យខ្សែផ្លូវនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យមន្ដ្រីបច្ចេកទេសធ្វើការជួសជុលបន្ទាន់ស្ពានមួយកន្លែងដែលទទួលរងការខូចខាតដោយសារការដឹកលើសទម្ងន់ បណ្ដាលឱ្យផុងកម្រាល ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើ។

-ខ្សែផ្លូវទី៤៖ ជាផ្លូវល្បាយក្រួសមានប្រវែង ១៦,១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិមុខវត្ត ឃុំគាស់ក្រឡ ទៅដល់ភូមិទួលវែង ឃុំដូនបា ស្រុកគាស់ក្រឡ ដែលបានសាងសង់ក្នុងឆ្នាំ២០២០។ ផ្លូវនេះ កំពុងស្ថិតក្នុងដំណាក់កាលការរចនាគ្រោងប្លង់លម្អិត ក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលខាងមុខនេះ។

-ខ្សែផ្លូវទី៥៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ២២គីឡូម៉ែត្រ ភ្ជាប់ពីភូមិបឹងបី ឃុំមោង ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែតុលា ឆ្នាំ២០២៤ ដែលមានវឌ្ឍនៈភាពសាងសង់ ៧០,២៩% ហើយនឹងត្រូវបញ្ចប់ក្នុខែមេសា ឆ្នាំ២០២៦ ។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១៨ ២២៨គ្រួសារ ស្មើនឹង ៨៦ ២៣០នាក់ និងដោយប្រយោលចំនួន ៩ ១១៤គ្រួសារ ស្មើនឹង ៤៣ ១១៥នាក់។

ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវនោះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសឱ្យយកចិត្តទុកដាក់ក្នុងការសាងសង់ផ្លូវ ដោយគិតគូអំពីការការពារសុវត្ថិភាពកម្រិតខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។

គួរជម្រាបជូនផងដែរថា ខ្សែផ្លូវទាំង៥ខ្សែខាងលើនេះ គឺជាខ្សែផ្លូវដែលផ្តល់អត្ថប្រយោជន៍ បំរើដល់វិស័យសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ពិសេសប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់តែម្តង៕

To Top