រដ្ឋមន្ដ្រីមុខងារសាធារណៈ ៖ ការជ្រើសមន្ត្រីផ្អែក លើកិច្ចព្រមព្រៀងការងារ មិនមានកំណត់អាយុនោះទេ
បាត់ដំបង ៖ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅខេត្តបាត់ដំបង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមិនកំណត់អាយុទេ។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា មន្ត្រីដែលចូលនិវត្តន៍រួចហើយក្ដី ក៏នៅតែអាចប្រឡងប្រជែង បន្តបម្រើការងារជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ ឱ្យតែពួកគាត់មានឆន្ទៈ និងកម្លាំងកាយក្នុងការបំពេញការងារបន្តបាន។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើបាស់ធនធានមនុស្ស ការដោះស្រាយបញ្ហាខ្វះមន្ត្រីជំនាញនៅតាមក្រសួង ស្ថាប័ន ព្រមទាំងអង្គភាពនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងនោះមានសាលារៀន និងមណ្ឌលសុខភាព មន្ទីរពេទ្យនៅមូលដ្ឋាន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល»។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការជ្រើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នឹងជំរុញសមិទ្ធកម្មការងារជាក់ស្ដែង ដោយមន្ត្រីខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យសម្រេចបានស្របតាមទិសដៅការងារ ដូចការព្រមព្រៀងសន្យារវាងមន្ត្រីជាមួយប្រធានអង្គភាព ឆ្លើយតប គាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
គួរជម្រាបថា កន្លងមកក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន២ដងរួចមកហើយ ក្នុងនោះលើកទី១ ជាការជ្រើសរើសមន្ត្រីបច្ចេកទេសសុខាភិបាល និងលើកទី២ជាការជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលគ្រោងចេញលទ្ធផលនាថ្ងៃនេះ៕
