កាសែត «Rodong Sinmun »របស់កូរ៉េខាងជើងចេញផ្សាយអត្ថបទ ដើម្បីរំលឹកខួបទី៧៥នៃថ្ងៃដែលកងទ័ពស្ម័គ្រចិត្ត ប្រជាជនចិនចេញទៅជួយកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក
ថ្ងៃទី២៥ ខែតុលា ជាទិវារំលឹកខួបទី៧៥នៃថ្ងៃដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ។ «Rodong Sinmun »ដែលជាកាសែតរបស់គណៈកម្មាធិការមជ្ឈិមបក្សពលកររបស់កូរ៉េខាងជើង បានចេញផ្សាយអត្ថបទរំលឹកខួបអនុស្សាវរីយ៍ក្រោមចំណងជើងថា «គុណបំណាច់របស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិននឹងបំភ្លឺចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិនជាប់ជានិច្ច» ។

អត្ថបទបានលើកឡើងថា ប្រជាជនកូរ៉េខាងជើងសូមសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះវីរជនកងទ័ពស្ម័គ្រចិត្តប្រជាជនចិននិងទាហានជើងចាស់ទាំងឡាយ ដែលបានជ្រោងទង់ជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក និងការពារមាតុប្រទេស ហើយបានប្រកៀកស្មាគ្នាជាមួយកងទ័ពកូរ៉េខាងជើងធ្វើការតស៊ូប្រយុទ្ធ ។ កូរ៉េខាងជើងនឹងចងចាំមិនភ្លេចនូវស្មារតីពលីដ៏ឧដុង្គឧត្តមរបស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិន ។
អត្ថបទបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់អ្នកដឹកនាំកំពូលរបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើងនិងចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ប្រជាជនកូរ៉េខាងជើងសូមជូនពរយ៉ាងស្មោះចំពោះប្រជាជនចិន សូមឱ្យការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនទទួលបានសមិទ្ធផលអស្ចារ្យ និងសម្រេចបាននូវការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ៕
