ព័ត៌មានជាតិ

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រ នៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់ មកពីប្រទេសថៃវិញ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូ ធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មាន អំពីការជួយគាំទ្រ របស់ធនាគារពិភពលោក ចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះ បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការ របស់ធនាគារពិភពលោក លើការងារការ កសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក​ ហេង សួរ ក៏បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារ ពិភពលោក ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារ កាន់តែប្រសើរ (Skills for Better Jobs Project)។

ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ចំពោះជំនួប ដែលបានផ្តល់ឱកាស ដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មាន អំពីការជួយគាំទ្ររបស់ធនាគារពិភពលោក ចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ស្តីពីការស្វែង រកការងារ និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្រ បឋមភ្លាមៗ និងរយៈពេលមធ្យម ។

ទន្ទឹមនេះ លោកស្រី ក៏បានថ្លែងកោតសរសើរអំពីឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាថា នឹងបន្តបើកទូលាយ ទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និង ការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរ ដែលបានត្រឡប់ មកពីប្រទេសថៃវិញ ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាព បន្តភាពជាដៃគូ និង ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជាផងដែរ ។

បន្ទាប់ពីបញ្ចប់ជំនួប ពិភាក្សាការងារ លោករដ្ឋមន្ត្រីបានអញ្ជើញ លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំនៅកម្ពុជា និងគណៈប្រតិភូទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើសេវាកម្ម ស្វែងរកការងារធ្វើ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលបានវិលត្រឡប់ មកពីប្រទេសថៃវិញ ៕

To Top