ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ” នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ”នៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើម លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើអាជីវកម្មនានានៅក្នុងខេត្ត ដែលបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។

បន្ទាប់មក លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានបញ្ជាក់ថាពិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការបំផុសនិងលើកទឹកចិត្តឱ្យបង្កើតជាមុខរបរ សហគ្រាសខ្នាតតូចនៅទីជនបទ ជួយស្វែងរកទីផ្សារសម្រាប់ដោះដូរផលិតផល និងបង្កើតបណ្តាញទំនាក់ទំនងរវាងផលិតករ សិប្បករ និងទីផ្សារផលិតផល។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានានៅទូទាំងខេត្តកំពង់ឆ្នាំងលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរ ជាវិជ្ជមាននូវកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែ មានភាពប្រសើរឡើង តាមរយៈកំណើនប្រាក់ចំណូលគ្រួសារ ដែលកើតចេញពីការធ្វើពិពិធកម្មសេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ មានផ្លូវថ្នល់ខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យកាន់តែល្អប្រសើរ ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ជូនថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ ដើម្បីធានានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ តាមរយៈការបណ្តុះគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍មូលធនមនុស្សឥតឈប់ឈរ ព្រមទាំងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានាផងដែរ។ ជាលទ្ធផលក្រសួង បានចូលរួមចំណែកក្នុងការបង្កើតមុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅតំបន់ជនបទ ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងជំរុញការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលមូលដ្ឋានចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ដចូលរួមចំណែកក្នុងការងារ ពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផលិតឱ្យបានកាន់តែច្រើននិងប្រកបដោយគុណភាព សំដៅលើកកម្ពស់គុណតម្លៃផលិតផលជនបទ និងសូមចូលរួមគាំទ្រផលិតផលសហគមន៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាអតិបរមា។

ជាទីបញ្ចប់លោករដ្ឋមន្ដ្រី និងគណៈប្រតិភូនៃអង្គពិធី បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍ផលិតផលសហគមន៍ទាំង ៣២ស្តង់ ដែលមានផលិតផលជាច្រើនប្រភេទដូចជា សិប្បកម្មតម្បាញ, គ្រឿងអលង្ការ, ការកែច្នៃកសិផល, សាប៊ូ, ម្ហូបអាហារ, កុលភាជ, កសិផល, ភេសជ្ជៈចេញពីកសិផល និងប្រេងធញ្ញជាតិ។

គួរជម្រាបជូនផងដែរថា ការតាំងពិព័រណ៍ផលិតផល ក្នុងសហគមន៍ជនបទនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអន្តសញ្ញាណនៃផលិតផល និងគាំទ្រស្នាដៃកូនខ្មែរ ដើម្បីជម្រុញការផលិតក្នុងស្រុកឱ្យកាន់តែសម្បូរបែប និងមានគុណភាព និងអាចប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ដែលកម្មវិធីនេះរំពឹងមានអ្នកចូលរួមប្រមាណ ១០០០០ នាក់៕

To Top