កម្ពុជា-វៀតណាម ដាក់ចេញយន្ដការ ឆ្លើយតប ឲ្យមានប្រសិទ្ធភាព រាល់ប្រភេទបទល្មើស
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម បានផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នា ព្រមទាំងដាក់ចេញ នូវយន្ដការឆ្លើយតប ឲ្យមានប្រសិទ្ធភាព រាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព នៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាស ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

ជំនួបនេះ បានធ្វើឡើង ក្នុងគោលបំណងត្រួតពិនិត្យ បូកសរុបការងារ និងវាយតម្លៃសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ សំដៅដាក់ចេញនូវវិធានការ សមស្របបន្ថែមទៀត ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នៃក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម កាន់តែល្អប្រសើររឹងមាំ និងមានប្រសិទ្ធភាព។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងនគរបាលវៀតណាម នឹងបន្ដជួបពិភាក្សាការងារ ជាមួយបណ្ដាអង្គភាព ចំណុះក្រសួងមហាផ្ទៃ និងស្នងការរាជធានី-ខេត្តមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ៕

