ក្រុមហ៊ុនបោះទុនវិនិយោគ លើគម្រោងអភិវឌ្ឍន៍ ស្ទឹងសៀមរាប ប្តេជ្ញាអនុវត្តគម្រោង ឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា
ភ្នំពេញ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនា បែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីខាងលើនេះ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក MA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guilin Junda Transporation Co., Ltd. និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផល នៃការចុះពិនិត្យសិក្សាផ្ទាល់ លើគម្រោងអភិវឌ្ឍន៍ ស្ទឹងសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។

ក្នុងជំនួបដ៏សំខាន់ និង ប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម បោះទុនវិនិយោគរាប់រយលានដុល្លារអាម៉េរិក របស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍ លើសក្តានុពលទេសចរណ៍ ប្រកបដោយថាមពលរបស់កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ព្រមទាំការជឿជាក់ដ៏មុតមាំ លើការដឹកនាំប្រកប ដោយគតិបណ្ឌិតត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តា សុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និង សង្គម ជួយឱ្យមានការ អភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យជាពិសេស ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាព ដល់អ្នកទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងជំនួបលើកទី២ នាពេលនេះ ពិតជាការបោះជំហានមួយកម្រិតទៀត ដើម្បីឈានដល់ការអនុវត្តជាក់ស្តែង នៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ ដល់វិស័យវិនិយោគ។

ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូល ជួបសម្តែងការគួរសម ពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីលទ្ធផលសិក្សារបស់ក្រុមហ៊ុន ។ ជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំ ការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Guilin Junda Transportation Co., Ltd ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ មានស្ថានីយ១២ ផ្លូវដឹកជញ្ជូន ៣០០ខ្សែ បុគ្គលិកចំនួន ៣៨០០នាក់ ដែលមានសេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជា ច្រើនទៀតផងដែរ ៕
ដោយ៖ ដារាត់| ដើមអម្ពិល


