ព័ត៌មានក្លែងក្លាយជាង ២ពាន់ត្រូវបានរកឃើញថា វាយប្រហាររាជរដ្ឋាភិបាល ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៣ខែមកនេះ ក្រសួងបានឃើញព័ត៌មានក្លែងក្លាយជាង ២ពាន់ព័ត៌មាន ដែលបានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ។
លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី ”ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ” នៅថ្ងៃទី៣០ តុលា ឆ្នាំ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយដែលជាព័ត៌មានបែបរសើបមានលក្ខណៈវាយប្រហារ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល , បញ្ហាព្រំដែនកម្ពុជា-ថៃ និងបទល្មើសឆ្លងដែនជាដើមមានចំនួនសរុប២៨១០ ព័ត៌មានក្លែងក្លាយដែលត្រូវបានកត់ត្រាទុក។ ក្នុងចំណោមព័ត៌មានក្លែងក្លាយ ជិត៣ពាន់ព័ត៌មាននេះ មានចំនួន២១២២ ព័ត៌មានពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាន មិនពិតទៅនឹងវិវាទព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្រ្តីបញ្ជាក់ថា “ក្នុងនោះ និយាយចុងក្រោយ គឺកំណើនឡើងខ្ពស់ពាក់ព័ន្ធជាមួយនឹង បញ្ហាព្រំដែនដែលគេបង្កើតព័ត៌មានក្លែងក្លាយច្រើនវាយប្រហាររាជរដ្ឋាភិបាល និងបំភ្លៃបំផ្លើសការពិតពាក់ព័ន្ធជាមួយបញ្ហាព្រំដែន បូកសរុបទៅគឺ២១២២ព័ត៌មាន” ។
លោកនេត្រ ភក្ត្រាថា បើគិតជាភាគរយវិញមានប្រមាណជាពី៧០ទៅ៨០ភាគរយ នៃព័ត៌ក្លែងក្លាយដែលបានផ្សាយមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំកម្ពុជា ពីក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក៏បង្ហាញឬសគល់នៃអ្នកបង្កើតព័ត៌មានក្លែងក្លាយក្នុងហេតុផលនយោបាយ ហេតុផលផ្សព្វផ្សាយឃោសនាពាណិជ្ជកម្ម ឬក៏ការបំពុលសង្គមជាដើម ៕


