លោក ហួត ហាក់ ៖ រូបភាពអំពីទេសចរណ៍ របស់កម្ពុជា មិនគួរត្រូវបានកំណត់ ដោយអំពើឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធអនឡាញ (Scam Online)នោះទេ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្រៅពីការរអនុវត្តច្បាប់ រាជរដ្ឋាភិបាល ក៏បានប្ដេជ្ញាស្ដារទំនុកចិត្តឡើងវិញ តាមរយៈតម្លាភាព ការទំនាក់ទំនងជាវិជ្ជមាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈដែលរូបភាពអំពីទេសចរណ៍ របស់ប្រទេសកម្ពុជា មិនគួរត្រូវបានកំណត់ ដោយអំពើឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធអនឡាញ(Scam Online)នោះទេ ។
ក្នុងឱកាសថ្លែងសារពិសេស នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី បានឱ្យដឹងថា លោកបានតាមដានយ៉ាងដិតដល់ និងយកចិត្តទុកដាក់នូវរាល់ របាយការណ៍ និងព័ត៌មានថ្មីៗ និងជាពិសេសការពិភាក្សា តាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលបាន ទាក់ទាញការចាប់អារម្មណ៍ ចំពោះហេតុការណ៍មួយចំនួន ពាក់ព័ន្ធនឹងករណីការឆបោក តាមប្រព័ន្ធអនឡាញ ក្រោមរូបភាពល្បែងអនឡាញខុសច្បាប់ និងករណីចាប់ជំរិត ដែលត្រូវបានរាយការណ៍ថា កំពុងកើតឡើង នៅក្នុងប្រទេសកម្ពុជា។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងបន្តយកចិត្ត ទុកដាក់ខ្ពស់លើបញ្ហាទាំងនេះ ហើយក៏ទទួលស្គាល់នូវកង្វល់ ដែលលើកឡើងដោយសាធារណជន និង ប្រព័ន្ធផ្សព្វផ្សាយនានា។ ប៉ុន្តែជាមួយគ្នានេះ ចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថា ទាំងនេះ គឺជាហេតុការណ៍ ដាច់ដោយឡែក ដែលភាគច្រើនប្រព្រឹត្តដោយបណ្តាញជនបរទេសខុសច្បាប់ ដែលមកជ្រកកោននៅកម្ពុជា ហើយពិតណាស់ទង្វើទាំងនេះ ពិតជាមិនបានឆ្លុះបញ្ចាំងពីចរិតពិត របស់ប្រជាជនកម្ពុជា ឬស្មារតីពិត ប្រាកដរបស់ប្រទេសជាតិនោះទេ។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែធានាបានសន្តិភាព ហើយក៏នឹងនៅតែជា គោលដៅមានសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចក្នុងកម្រិតខ្ពស់មួយ ដែលភ្ញៀវទេសចរគ្រប់រូបត្រូវ បានស្វាគមន៍យ៉ាងកក់ក្តៅ ទំនុកចិត្ត និងសេចក្តីថ្លៃថ្នូរ។
ក្នុងនោះលោករដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា “ក្រៅពីការរអនុវត្តច្បាប់ រាជរដ្ឋាភិបាល ក៏បានប្ដេជ្ញាស្ដារទំនុកចិត្តឡើងវិញ តាមរយៈតម្លាភាព ការទំនាក់ទំនងជាវិជ្ជមាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ រូបភាពអំពីទេសចរណ៍ របស់ប្រទេសកម្ពុជា មិនគួរត្រូវបានកំណត់ ដោយអំពើឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធអនឡាញ(Scam Online)នោះទេ គឺត្រូវតែកំណត់ដោយចិត្តស្មោះសររបស់ប្រជាជនយើង ភាពសម្បូរបែបនៃវប្បធម៌របស់យើង និងភាពស្រស់ស្អាតនៃទេសភាពធម្មជាតិរបស់យើង ដែលឆ្លុះបញ្ជាំងពីមោទនភាពជាតិ និងបដិសណ្ឋារកិច្ចដ៏ល្អឯករបស់កម្ពុជា”។
លោក ហួត ហាក់ អះអាងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងជាបន្ទាន់ ដើម្បីទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធអនឡាញ (Scam Online) ដែលអាចបង្កគ្រោះថ្នាក់ ដល់សុវត្ថិភាពប្រជាពលរដ្ឋ បូករួមទាំងភ្ញៀវទេសចរគ្រប់រូបនៅកម្ពុជា។ ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នអនុវត្តច្បាប់ ក៏បាននិងកំពុងចាត់វិធានការ បង្ក្រាបយ៉ាងសកម្ម លើប្រតិបត្តិការខុសច្បាប់ ជាពិសេសគឺបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ក្រោមគ្រប់រូបភាព ហើយដែលប្រតិបត្តិការទាំងនេះ បានឈានទៅដល់ការចាប់ខ្លួន និងនិរទេសជនល្មើស និងការរុះរើគ្រឹះស្ថានមិនស្របច្បាប់បានជាបន្តបន្ទាប់ ។
ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងវិស័យឯកជន ដើម្បីធានាថាភ្ញៀវទេសចរទាំងអស់ដែលមកកម្ពុជា ទទួលបាននូវ អារម្មណ៍សុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់៕
ដោយ៖ ដារាត់| ដើមអម្ពិល
