ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងសង្គ្រាម បន្តធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណ បន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដោយលើកឡើងពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានធ្វើសេចក្តីប្រកាសនៅមុនជំនួបរបស់លោកជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើវេទិកាសង្គម Truth Social របស់លោកថា “សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀត។ នេះត្រូវបានសម្រេច រួមទាំងការអាប់ដេតពេញលេញ និងការរៀបចំជាថ្មីនូវអាវុធដែលមានស្រាប់ ក្នុងអំឡុងពេលអាណត្តិទីមួយរបស់ខ្ញុំ។ ដោយសារតែថាមពលបំផ្លិចបំផ្លាញយ៉ាងខ្លាំង ខ្ញុំស្អប់ក្នុងការធ្វើវា ប៉ុន្តែគ្មានជម្រើស!” ។

លោកបានបន្ថែមថា “រុស្ស៊ីជាប្រទេសទីពីរ ហើយចិនជាប្រទេសទីបីឆ្ងាយ ប៉ុន្តែនឹងមានក្នុងរយៈពេល ៥ ឆ្នាំ។ ដោយសារតែកម្មវិធីសាកល្បងប្រទេសផ្សេងទៀត ខ្ញុំបានណែនាំឱ្យក្រសួងសង្គ្រាមចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់យើងដោយឈរលើមូលដ្ឋានស្មើគ្នា។ ដំណើរការនោះនឹងចាប់ផ្តើមភ្លាមៗ” ។

សូមជម្រាបថា សហរដ្ឋអាមេរិកបានបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៩២ ក្រោមការផ្អាកដោយសភា។ សមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាបានពិភាក្សាអំពីការផ្លាស់ប្តូរការផ្អាកក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រទេសចិន និងរុស្ស៊ីថាបានធ្វើការសាកល្បងនុយក្លេអ៊ែរដោយសម្ងាត់នៅក្រោមដី ដែលជាការអះអាងនេះ ត្រូវបានទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូបដិសេធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top