ប្រធានាធិបតីចិនថា ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ប្រទេសចិន សហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នា
បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នា លើដំណោះស្រាយចំពោះបញ្ហា។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួបជាមួយសមភាគី អាមេរិកលោក Donald Trump បន្ទាប់ពីបានចុះចតនៅទីក្រុង Busan សម្រាប់កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី 32 នៅទីក្រុង Gyeongju និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូង ។
ដោយកត់សម្គាល់ថា អន្តរកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែនៅតែមានភាពសកម្ម និងជាកត្តាជំរុញនៃទំនាក់ទំនង មិនមែនជាឧបសគ្គ ឬប្រភពនៃជម្លោះនោះទេ ។ លោក Xi បានអំពាវនាវឱ្យភាគីទាំងពីរផ្តោត លើផលប្រយោជន៍រយៈពេលវែងដែលនាំមកដោយកិច្ចសហប្រតិបត្តិការ ជាជាងការធ្លាក់ចូលទៅក្នុងវដ្ត នៃការសងសឹកដ៏ខ្លាំងក្លា ។
លោកក៏បានអំពាវនាវឱ្យក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃភាគីទាំងពីរត្រូវបង្រួមបញ្ជីបញ្ហាជាបន្តបន្ទាប់ ហើយពង្រីកបញ្ជី នៃកិច្ចសហប្រតិបត្តិការដោយផ្អែក លើគោលការណ៍សមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។
ប្រែសម្រួលៈ ណៃ តុលា
