នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាឱ្យវាយប្រហារភ្លាមៗ និងខ្លាំងក្លា នៅតំបន់ហ្គាហ្សា
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា លោកបានណែនាំយោធាឱ្យធ្វើការវាយប្រហារ «ភ្លាមៗ និងខ្លាំងក្លា» នៅតំបន់ហ្គាហ្សា បន្ទាប់ពីអ្វីដែលអ៊ីស្រាអែលបញ្ជាក់ថា ជាការរំលោភលើបទឈប់បាញ់ដោយក្រុមហាម៉ាស់។
កងពលតូច Al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឧ្យដឹងថា ខ្លួនបានពន្យារពេលការប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្ត “ការរំលោភ” លើកិច្ចព្រមព្រៀងឈប់បាញ់។
ប្រភពបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានរកឃើញសាកសពមុននេះក្នុងថ្ងៃនោះ ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកនៅខាងក្នុងផ្លូវរូងក្រោមដីមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សា។
ក្រុមនេះបានព្រមានថា ការកើនឡើងណាមួយរបស់អ៊ីស្រាអែលនឹង “រារាំងប្រតិបត្តិការស្វែងរក និងជីកកកាយជាបន្តបន្ទាប់ដើម្បីយកសាកសព” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍របស់ហាម៉ាស់ បានកើតឡើងភ្លាមៗបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា លោកបានណែនាំយោធាឱ្យធ្វើការវាយប្រហារ “ភ្លាមៗ និងខ្លាំងក្លា” នៅតំបន់ហ្គាហ្សា បន្ទាប់ពីអ្វីដែលអ៊ីស្រាអែលបានឧ្យដឹងថា ជាការរំលោភលើបទឈប់បាញ់ដោយក្រុមហាម៉ាស់៕
ប្រែសម្រួល ឈូក បូរ៉ា
