អតីតយុទ្ធជនពិការ ដោយសារសង្គ្រាម ទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត!
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួច នៅលើដីកម្មសិទ្ធិ របស់អតីតយុទ្ធជនពិការ ដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយ ទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យ សម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅ រស់នៅបានសមរម្យជារៀងរហូត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក សុិន សុផន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ៕
ដោយសំនៀង







