ព័ត៌មានជាតិ

មន្រ្តី​ជាន់ខ្ពស់ ​ក្រសួង​ការងារ​ ណែនាំឱ្យនិស្សិត ជ័យលាភី អាហារូបករណ៍ ប្រទេសអូស្ត្រាលី ធ្វើជាទូតសុឆន្ទៈ របស់កម្ពុជា លើឆាកអន្តរជាតិ

ភ្នំពេញ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥​ បានទទួលជួបក្រុមនិស្សិត ជ័យលាភីអាហារូបករណ៍ ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ នៅទីស្ដីការក្រសួង ដោយជំនួបនេះ មានគោលបំណងស្នើសុំសម្ដែងការគួរសម និងទទួលអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាកិច្ចចាប់ផ្ដើម ក្នុងនាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកស្រី​ រដ្ឋលេខាធិការ ប្រចាំការ បានស្វាគមន៍ និងអបអរសាទរដល់និស្សិត ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧នេះ ។ លោកស្រី​ បានជម្រាបជូនអំពីតួនាទី និងបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្តោតទៅលើវិស័យ៣សំខាន់ៗ រួមមាន៖ វិស័យការងារ, វិស័យសន្តិសុខសង្គម និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ។

នៅក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ សូមបន្តរក្សាភាពជាខ្មែរ ដោយត្រូវឈរលើស្មារតីឯកភាពជាតិ សាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានិងគ្នា ហើយត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវហ៊ាន ការពារកេរ្តិ៍ឈ្មោះ កិត្តិយស និងវប្បធម៌ដ៏ល្អរបស់ខ្មែរ ។ ក្នុងនោះដែរ លោកស្រី​ ក៏បានជំរុញឱ្យ និស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីគោលបំណង និងអនាគតរបស់ខ្លួន ក៏ដូចជាយកចំណេះដឹង មកជួយអភិវឌ្ឍន៍ជាតិ។

តំណាងនិស្សិតអាហារូបករណ៍ លោក ខេង មករា លោកស្រី​ រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិត ជ័យលាភី បានជួបសម្ដែងការគួរសមនាពេលនេះ ដោយទទួលបាននូវអនុសាសន៍ និងបទពិសោធល្អៗ សម្រាប់ការបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។

គួរឱ្យដឹងថា អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ គឺជាផ្នែកមួយ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ របស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានបំណងគាំទ្រដល់ការរីកចម្រើន របស់ប្រទេសកម្ពុជា និងជំរុញទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ។ និស្សិតជ័យលាភីអាហារូបករណ៍ ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ មានចំនួន៥៥នាក់ ដោយក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៥៣នាក់ និងថ្នាក់បណ្ឌិតចំនួន២នាក់៕

To Top