ព័ត៌មានអន្តរជាតិ

ប្រាក់ចំណូលត្រីមាសទីបី ឆ្នាំ២០២៥ របស់ក្រុមហ៊ុន Boeing កើនឡើង ៣០ភាគរយសរុប ២៣,៣ ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Boeing បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទីបី ឆ្នាំ២០២៥ ចំនួន ២៣,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០ ភាគរយពីមួយឆ្នាំមុន ដែលជំរុញដោយការ អនុវត្តប្រតិបត្តិការប្រសើរឡើង និងការដឹកជញ្ជូន យន្តហោះកើនឡើង ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានប្រកាស ពីការខាតបង់សុទ្ធចំនួន ៥,៣៤ ពាន់លានដុល្លារ សម្រាប់ត្រីមាសនេះ ជាមួយនឹងការខាតបង់ពនលាយ GAAP (គោលការណ៍គណនេយ្យ ដែលទទួលយកជាទូទៅ) ចំនួន ៧,១៤ ដុល្លារ និងការខាតបង់ស្នូល ក្នុងមួយហ៊ុនចំនួន ៧,៤៧ ដុល្លារ។

ក្រុមហ៊ុន បានឲ្យដឹងថា ការខាតបង់នេះបានឆ្លុះបញ្ចាំង ពីការគិតថ្លៃប្រាក់ចំណូលមុនពន្ធចំនួន ៤,៩ ពាន់លាន ដុល្លារលើកម្មវិធី 777X នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រាក់ចំណូលយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing ក្នុងត្រីមាសទីបី បានកើនឡើង ៤៩ ភាគរយដល់ ១១,០៩ ពាន់លានដុល្លារ ពី ៧,៤៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការកើនឡើង ដោយសារការដឹកជញ្ជូន យន្តហោះកាន់តែច្រើន។

ផ្នែកនេះបាន ដឹកជញ្ជូនយន្តហោះចំនួន ១៦០ គ្រឿងក្នុងរយៈពេលនេះ ដែលជាការកើនឡើង ៣៨ ភាគរយពី យន្តហោះចំនួន ១១៦ គ្រឿង ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន និងជាចំនួនសរុបប្រចាំត្រីមាស ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨។

នៅក្នុងផ្នែកការពារជាតិ អវកាស និង សន្តិសុខរបស់ខ្លួន ប្រាក់ចំណូលត្រីមាសទីបីបានកើនឡើង ២៥ ភាគរយដល់ ៦,៩ ពាន់លានដុល្លារពី ៥,៥៤ ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top