កម្ពុជា ត្រៀមខ្លួនជាស្រេច សហការជាមួយដៃគូទាំងអស់ ដើម្បីពន្លឿនអន្តរកាលបៃតង
 
																						
											
											
											ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូទាំងអស់ ក្នុងអាស៊ាន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសកល ដើម្បីពន្លឿនអន្តរកាលបៃតង។

ការឱ្យដឹងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅថ្ងៃទី៣០ តុលា ដែលរៀបចំឡើងដោយគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World Green Organization, Asean Economic Club, World Digital Chamber, និង Asean Business Club។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជាក្នុងការកសាងអនាគតប្រកបដោយចីរភាព ក្រោមម្លប់នៃសន្តិភាពនិងស្ថិរភាពដែលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបានបន្តឥតងាករេក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កំណើនសេដ្ឋកិច្ចបែបប្រពៃណីបានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតង រួមមានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ដើម្បីឈានទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ជាតិបៃតង (២០២១-២០៣៥), យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៣-២០២៨) និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០២៤-២០៣៣)។

ជារួម រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្ត នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច (new engine of growth)។ ទន្ទឹមនេះ កម្ពុជាក៏បានបង្វែរពីការប្តេជ្ញាចិត្ត គោលនយោបាយ និងយុទ្ធសាស្រ្តទៅជា ការអនុវត្តជាក់ស្តែង ដោយសម្រេចបាននូវលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងថា «គ្មានប្រទេសណាមួយអាចសម្រេចបាននូវចីរភាពតែឯងនោះទេ។ កំណើនបៃតងមិនមែនជា Zero-Sum Game នោះទេ តែវាគឺជាមាគ៌ាឆ្ពោះទៅរកវិបុលភាពរួម សន្តិភាព និងភាពធន់រយៈពេលវែង ។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូទាំងអស់នៅក្នុងអាស៊ាន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសកល ដើម្បីពន្លឿនអន្តរកាលបៃតង»៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									