លោក ហេង សួរ អញ្ជើញសំណេះសំណាល ជាមួយគ្រួសារកងទ័ព នៅក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរគណៈកម្មាធិការ គណបក្សខណ្ឌពោធិ៍សែនជ័យ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញ ចូលរួមពីប្រធានគណៈកម្មាធិការ គណបក្សខណ្ឌ, លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ គណបក្សខណ្ឌ, លោកលោកប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ ដែលមានសមាសភាព សរុបប្រមាណ ១៤០នាក់។

នាឱកាសនេះ លោក ហេង សួរ ក្នុងនាមជាថ្នាក់ដឹកនាំក្រុមការងារ គណបក្សចុះមូលដ្ឋាន ពោធិ៍សែនជ័យ បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមាន សមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះ គឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នា ត្រូវតែគោរពដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ។ បន្ថែមពីនោះលោក ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភ ដល់សមាជិកគ្រួសារកងទ័ពផងដែរ។

ទន្ទឹមនេះ លោក បានផ្ដល់អនុសាសន៍ណែនាំ ដល់ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ សូមបន្តយកចិត្តទុកដាក់ និងបន្តសំណេះសំណាលសួរសុខទុក្ខដល់ គ្រួសារកងទ័ព តាមបណ្ដាសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ៕








