ព័ត៌មានជាតិ

កម្ពុជា-ឡាវ ឯកភាពគ្នាដំឡើងកម្រិត កិច្ចសហប្រតិបត្តិការ ទេសចរណ៍

ភ្នំពេញ៖​ តាមរយៈលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជា និងឡាវ សម្រេចបានការឯកភាពគ្នា ដំឡើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើង ។

នាឱកាសដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍ជាន់ខ្ពស់ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍ សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈកម្រិតខ្ពស់ ជាមួយ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងសហការី។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពគ្នា ស្នើសុំគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ អំពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីដំឡើង កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលមានស្រាប់មួយកម្រិតទៀត ដើម្បីឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ក្នុងគោលបំណងរួមគ្នា និងផលប្រយោជន៍ប្រជាជន ទាំងពីរ គឺទាក់ទាញកំណើន ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិ ក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដែលមាន ដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS ។

បន្ថែមលើនេះ កម្ពុជា និងឡាវ ក៏បានឯកភាព ក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ ជាពិសេសតាមខេត្តជាប់ព្រំដែន, ការពិនិត្យលទ្ធភាពតភ្ជាប់ ជើងហោះហើរត្រង់រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍ រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ, ការរៀបចំឱ្យភាគីឯកជនក្នុងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីបង្កើតជាកញ្ចប់ទស្សនកិច្ច និងការពិនិត្យលទ្ធភាពបង្កើតខ្សែទស្សនកិច្ច អង្គរវត្ត-វត្តភូ ដែលសុទ្ធតែជាបេតិកភណ្ឌពិភពលោក៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top