ទំនុកចិត្តអ្នកវិនិយោគហ៊ុននៅក្នុងទីផ្សារថៃធ្លាក់ចុះនៅក្នុងខែតុលាកន្លងមកនេះ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា យោងតាមការការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃពុធគេបានរកឃើញថា កម្រិតនៃទំនុកចិត្តវិនិយោគិនផ្សារភាគហ៊ុនរបស់ប្រទេសថៃបានធ្លាក់ចុះនៅក្នុងខែតុលា ដោយសារតែក្តីបារម្ភអំពីស្ថានភាពនយោបាយក្នុងស្រុក ផងនិងការប្រែប្រួលនៃរូបិយប័ណ្ណប្រាក់បាតផង។
យោងតាមសហព័ន្ធនៃអង្គការទីផ្សារមូលធនថៃ ឬហៅកាត់ថា FETCO បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តវិនិយោគិនដែលព្យាករណ៍ពីស្ថានភាពទីផ្សារក្នុងរយៈពេល៣ខែបន្ទាប់ ឈរនៅអត្រា១៣៥,៧៣ប៉ុណ្ណោះ កាលពីខែមុន ធ្លាក់ចុះពី១៥១ ដែលបានធ្វើបានកាលពីខែកញ្ញា។
លោក Kobsak Pootrakool ប្រធាន FETCO បាននិយាយថា ការស្ទង់មតិយ៉ាងណាក្តីបានបង្ហាញថា វិនិយោគិនបានចាត់ទុកវិស័យពាណិជ្ជកម្មមានភាពទាក់ទាញជាងគេ បន្ទាប់មកគឺវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យមូលបត្រ ខណៈដែលវិស័យម៉ូដសម្លៀកបំពាក់មានភាពទាក់ទាញតិចបំផុត។
លោក Kobsak ក៏បានប្រាប់សន្និសីទសារព័ត៌មានដែរថា នៅក្នុងខែតុលា ផ្សារហ៊ុនថៃបានឡើងលើសកម្រិត១៣០០ដែលគាំទ្រដោយប្រាក់ចំណូលរបស់ក្រុមហ៊ុនចុះបញ្ជី រួមជាមួយនឹងកម្មវិធីជំរុញទឹកចិត្តរបស់រដ្ឋាភិបាលក្នុងគោលបំណងជំរុញការចំណាយក្នុងស្រុក និងទេសចរណ៍។
សម្រាប់ទៅពេលខាងមុខ លោកបានលើកឡើងពីគោលជំហរគោលនយោបាយដ៏មានសក្តានុពលរបស់ធនាគារកណ្តាលដែលកំពុងរៀបចំក្នុងគ្រាដែលមាន ការធ្លាក់ចុះនៃការនាំចេញដែលកំពុងបន្ត ការកើនឡើងកម្រិតបំណុលគ្រួសារ ការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ និងផលប៉ះពាល់នៃវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលើសន្ទុះសេដ្ឋកិច្ចទាំងមូល ដែលជាវិស័យផ្តោតសំខាន់សម្រាប់វិនិយោគិន៕
ប្រែសម្រួល៖ ស៊ុនលី
