ពលរដ្ឋ២រូបគត់ លើកសំណើ និងសំណូមពរ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថិតក្នុងផ្សាររុងរឿង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមក្នុងវេទិកានេះ តែមានពលរដ្ឋ តែ២រូបគត់ ស្នើនឹង២សំណូមពរ ដោយពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ ដោះស្រាយ ការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ពីសំណាក់ អ្នកជីវករ លក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក ។

ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបានលោក ឃ្លាំង ហួត ឆ្លើយតបជូនភ្លាមៗ ។ ក្នុងនោះលោក ឃ្លាំង ហួត បានណែនាំឱ្យអាជ្ញា ធរ ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ី ដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវកនោះដែរ ។

លោកអភិបាលរង បានបញ្ជាក់ថា ចំណែកផ្លូវមួយខ្សែខាងលើនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយឯកឧត្តម សន្យាជំរុញដល់ក្រុមហ៊ុនឯកជន ឱ្យមានវិធានការ ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន ។

បន្ថែមលើនេះ លោក ឃ្លាំង ហួត បានកត់សម្គាល់ថា ខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលមានការចង្អុលបង្ហាញផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យខណ្ឌជ្រោយចង្វារ ប្រែក្លាយពីដីបឹង ទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយអភិវឌ្ឍរីកចម្រើន មានផ្លូវខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់ ។

ថ្លែងក្នុងឱកាសនេះដែរ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នា ថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួ យសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ។

គួរបញ្ជាក់ដែរថា វេទិការសាធារណៈនេះបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាព របស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាព ល្អប្រសើរ។ ហើយអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ៕
ដោយ៖ ដារាត់| ដើមអម្ពិល






