ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ-កំពង់ស្ពឺ ឯកភាពបង្កើតប៉ុស្តិ៍ន គរបាលចល័ត នៅព្រំប្រទល់ ដើម្បីទប់ស្កាត់បទល្មើសនានា

តាកែវ ៖ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឯកភាពគ្នាក្នុងការបង្កើត ប៉ុស្តិ៍នគរបាលចល័ត ប្រចាំការនៅតាមព្រំប្រទល់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសផ្សេងៗឆ្លងដែន ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។

ការឯកភាពនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្តទាំងពីរ គឺ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធ អធិការនគរបាលស្រុក និងមេឃុំដែលជាប់ព្រំប្រទល់។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នារវាងខេត្តទាំងពីរក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនកន្លងមក ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យស្រុកដែលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំឲ្យមាន ប៉ុស្តិ៍នគរបាលចល័ត ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។

លោក បន្ថែមថា ប៉ុស្តិ៍ចល័តនេះ មានគោលដៅត្រៀម លក្ខណៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។ លោក ក៏បានសង្កត់ធ្ងន់ ពីភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រវាងអាជ្ញាធរខេត្តទាំងពីរ ដើម្បីធានាបាននូវ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគាំទ្រចំពោះសំណើរបស់ លោកអភិបាលខេត្តតាកែវ ក្នុងការរៀបចំឲ្យមានប៉ុស្តិ៍នគរបាលចល័តប្រចាំការនៅតាម ដងផ្លូវជាតិលេខ ៣ ត្រង់ចំណុចព្រំប្រទល់ខេត្តទាំងពីរ៕

To Top