រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាព នៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យបាន១០០% នៅឆ្នាំ២០៣០
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីអបអរសារទរនោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវគាវភក្តីនិងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ជាទិវាជាតិលើកកម្ពស់អនាម័យជនបទ និងបានចេញសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ សម្រាប់ឆ្នាំ២០២៥នេះ ដែលជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់លើការងារលើកកម្ពស់អនាម័យជនបទពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ លោករដ្ឋមន្ត្រី បានអញ្ជើញអាននូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទលើកទី ១៦ ជូនដល់អង្គពិធី។

តាមរយៈសារលិខិតរបស់សម្ដេចធិបតី បានបង្ហាញថា ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យបាន១០០% នៅឆ្នាំ២០៣០។

ក្នុងសារលិខិតដដែល សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួម យ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយចិត្ត ក្នុងការងារលើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក និងលើកទឹកចិត្ត ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យស្ថានភាពអនាម័យជនបទ នៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើម ចំនួន៨ចំណុច ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទសម្រេចបានជោគជ័យ។

លោករដ្ឋមន្ត្រី បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ផងដែរ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា សមិទ្ធផលនិងជោគជ័យទាំងឡាយ ដែលយើងទាំងអស់គ្នាទទួលបានរហូតដល់បច្ចុប្បន្ន គឺដោយសារគុណបំណាច់នៃ “សន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត និងការដឹកនាំបន្តវេនប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញ៕
