ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលបានចេញញត្តិថ្កោលទោស ការបាញ់ប្រហាររបស់យោធាថៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់
ភ្នំពេញ ៖ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះអំពើរំលោភបំពានយ៉ាងគឃ្លើន ពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារ ពីសំណាក់យោធាថៃមកលើ ប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យជនស៊ីវិល ១រូបបាត់បង់ជីវិត និង ៣រូបផ្សេងទៀតរងរបួស នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
យោងតាមញត្តិថ្កោលទោសនេះ បានគូសបញ្ជាក់ពីទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ភាគីថៃ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ។

ជាមួយគ្នានេះ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
ទន្ទឹមនឹងនេះ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏សូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍ រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈ ពិតប្រាកដ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ៕

