ព័ត៌មានជាតិ

គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស នៃក្រសួងការងារ ចេញញត្តិថ្កោលទោស ចំពោះការបាញ់ប្រហារ របស់ភាគី ថៃ មកលើប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់

ភ្នំពេញ៖ គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញញត្តិថ្កោលទោស ចំពោះការបាញ់ប្រហារ របស់ភាគីថៃ មកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់។

ញត្តិថ្កោលទោសរបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានសរសេរថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងសិស្ស-និស្សិតគ្រប់ លំដាប់ថ្នាក់ នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើយង់ឃ្នងបាញ់ប្រហាររបស់ភាគីថៃ មកលើប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានបណ្តាល ឱ្យមានប្រជាពលរដ្ឋខ្មែរ របួស៣នាក់ និងស្លាប់បាត់បង់ជីវិត១នាក់។

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបន្តថា នេះជាអំពើគ្មានមនុស្សធម៌ រំលោភសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ស្លូតត្រង់នៃរដ្ឋអធិបតេយ្យមួយ ហើយទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ បង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃ បានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ។

ដូចគ្នាដែរ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ក៏បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីន ពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ដែលបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ១នាក់ និងរបួសច្រើននាក់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងសិស្ស-និស្សិតគ្រប់លំដាប់ថ្នាក់ ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តង ហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។

សម្រាប់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រវិញ ក៏បានញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ បណ្តាល ឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ១នាក់ និងរបួសច្រើននាក់។ បន្ថែមលើនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងសិស្ស-និស្សិត គ្រប់លំដាប់ថ្នាក់ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក៏បានអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ដោយប្រកាន់ខ្ជាប់ នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយ មួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ៕

To Top