ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមជាង៣ពាន់ ឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សា សោភ័ណ្ឌភាពបរិស្ថាន

ត្បូងឃ្មុំ៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល ធុងសំរាម ចំនួនសរុប ៣,៤០៥ធុង របស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបែងចែកបន្តទៅរដ្ឋបាលក្រុង/ស្រុក សម្រាប់ប្រើប្រាស់តាមទីវត្តអារាម សាលារៀន មន្ទីរពេទ្យ និងទីសាធារណៈ ដែលបានធ្វើឡើងនៅបរិវេណខាងមុខអាគារសាលាខេត្តត្បូងឃ្មុំ។

លោក ម៉ាត់ ហ្កោហ្វូត បានលើកឡើងថា ការចែកធុងសំរាមជាផ្នែកមួយនៃការផ្លាស់ប្ដូរទម្លាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី ភាពស្អាត សុខភាព និងការរស់នៅប្រកបដោយអនាម័យ។ ជាមួយគ្នានេះដែរ ការរក្សាសោភ័ណ្ឌភាពទីក្រុង ឬភូមិឋានឱ្យស្អាត គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប ហើយក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណដល់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់ធុងសំរាមសម្រាប់ចែកជូនដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ ដើម្បី លើកកម្ពស់អនាម័យសាធារណៈ គ្រប់គ្រងសំរាមឱ្យបានល្អប្រសើរ ការពារបរិស្ថាននិងធនធានធម្មជាតិ ជាពិសេសបង្កើនការយល់ដឹងឱ្យប្រជាពលរដ្ឋគ្រប់រូប មានការទទួលខុសត្រូវចំពោះបរិស្ថាន និងសហគមន៍។

ជាមួយគ្នានោះ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានមានការយកចិត្តទុកដាក់ណាស់ចំពោះការថែរក្សាបរិស្ថាននៅកម្ពុជា ក្នុងនោះក៏ដើម្បី កាត់បន្ថយការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅព្រះអាទិត្យ និងការបំផ្លាញសោភ័ណ្ឌភាពបរិស្ថាន ផងដែរ។ ដូចនេះហើយក្រោមការយកចិត្តទុកដាក់ ពីក្រសួងបរិស្ថានយើងបានបង្កើតនូវយុទ្ធនាការជាច្រើន ក្នុងនោះមានដូចជា យុទ្ធនាការដាំដើមឈើកែលម្អបរិស្ថាន យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន យុទ្ធនាការថ្ងៃនេះយើងមិនប្រើថង់ប្លាស្ទិក យុទ្ធនាការពន្លកបៃតង និងយុទ្ធនាការដទៃទៀត ក្នុងន័យលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន នឹងធ្វើការបញ្ជ្រាបការអប់រំបរិស្ថាន ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ឱ្យស្រឡាញ់បរិស្ថាន នឹងចេះកែច្នៃ រៀបចំទុកដាក់សំរាមបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត ទីក្រុងស្អាត បរិស្ថានល្អនៅកម្ពុជា។

គួសបញ្ជាក់ថា៖ នេះជាលើកទី២ ហើយដែលក្រសួងបរិស្ថានបានប្រគល់នូវធុងសំរាមមកកាន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលសរុបប្រមាណ ៣,៤០៥ធុង ដើម្បីឱ្យរដ្ឋបាលខេត្ត ធ្វើការផ្តល់ជូនដល់ក្រុងស្រុកក្នុងខេត្តត្បូងឃ្មុំ និងតាមទីសាធារណៈក្នុងខេត្ត ជាពិសេសនៅតាមសាលារៀន ដើម្បីរួមចំណែកថែរក្សាបរិស្ថានក្នុងខេត្តត្បូងឃ្មុំទាំងមូលផងដែរ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ព័ត៌មាន

To Top