សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា អត់ទាន់មានដក សញ្ជាតិអ្នកណាមួយទេ ខណៈថៃ បានដកសញ្ជាតិឧកញ៉ា កុក អាន និង លី យុងផាត
ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា មកដល់ម៉ោងនេះ កម្ពុជាអត់ទាន់មានដកសញ្ជាតិណាមួយនោះទេពីប្រជាជនរបស់ខ្លួន ខណៈថៃ បានដកសញ្ជាតិឧកញ៉ាកុក អាន និងឧកញ៉ា លី យុងផាត។
ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា គ្មានការកាត់ដីរបស់កម្ពុជាឱ្យភាគីថៃ ដើម្បីបញ្ចប់សង្គ្រាមតាមព្រំដែនឡើយ។
ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ សម្ដេចតេជោ ក៏បានព្រមានដើម្បីចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណា ធ្វើសកម្មភាពញុះញង់ធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប៉ុន្ដែមកដល់ម៉ោងនេះ យើងអត់ទាន់មានដកសញ្ជាតិអ្នកណាមួយទេ ក្នុងពេលដែលថៃ បានដកសញ្ជាតិពីរនាក់រួចទៅហើយ គឺ លី យុងផាត និង កុក អាន ចឹងតើនៅលើពិភពលោក មានប្រទេសច្រើនណាស់ ស្ទឹរតែ ៨០% នៃប្រទេស មានច្បាប់ដកសញ្ជាតិ»។
សូមរំលឹកថា ការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរនេះ មិនមែនជារឿងថ្មីនោះទេ ។ ដោយផ្អែកតាមការ សិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាធ្លាប់ មានច្បាប់កំណត់អំពី ការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណី ឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពី បាត់បង់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឲ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។
មិនតែប៉ុណ្ណោះ នៅតាមបណ្តាប្រទេសជាច្រើនដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម សុទ្ធតែមាន ច្បាប់កំណត់អំពី ការដកសញ្ជាតិពលរដ្ឋខ្លួន ជាពិសេសក្នុងករណី ប្រព្រឹត្តអំពើប៉ះពាល់ ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍របស់ជាតិ ឬអំពើប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕
