ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការដោះមីនត្រូវធ្វើរួមគ្នា មិនមែនភាគីម្ខាងទៀតដោះហើយមកព័ទ្ធយកដីទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការងារដោះមីនរវាងកម្ពុជា-ថៃនៅតំបន់អាទិភាព តាមបន្ទាត់ព្រំដែនត្រូវតែធ្វើរួមគ្នា មិនមែនភាគីម្ខាងទៀតមកដោះម្នាក់ឯងហើយយកបន្លាលួសមករាយព័ទ្ធយកដីនោះទេ ។

ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ថា ការងារដោះមីនមនុស្សធម៌ដែលមានការព្រមព្រៀងគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា-ថៃកាលពីពេលកន្លងមក ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។

សម្តេចតេជោបន្តថា “ដោះមីនត្រូវដោះរួមគ្នា មិនអាចដោះដោះម្នាក់ឯង ដោះហើយរាយបន្លាលួសយកដីទេ…អត់ទេ ។ ប្រធានធិបតីត្រាំជាមួយម៉ាណែតបាននិយាយគ្នាពីរឿងហ្នឹង ។ ហើយខាងហ្នុះ ដើរតាមតែចិត្ត ដោះតាមចិត្តគឺអត់បានទេ ត្រូវមានចំណុចថា ត្រូវដោះកន្លែងណា ត្រូវដោះរួមគ្នា” ។

សម្តេចតេជោផ្តាំថា ដូច្នេះអ្នកនៅក្រៅប្រទេសកុំមានការភាន់ច្រឡំថា កម្ពុជាដោះដូរដីជាថ្នូរជាមួយសន្តិភាព ។

សូមបញ្ជាក់ថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ហើយក៏បានជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ។ តំបន់អាទិភាពនៅព្រំដែននេះ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ៕

To Top