ព័ត៌មានជាតិ

សម្តេចតេជោ ៖ ខ្ញុំទទួលស្គាល់ ដោយមិនបានបំពាក់អាវក្រោះ ការពារសុវត្ថិភាពឲ្យកងទ័ព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្តេចពិតជាទទួលស្គាល់ ចំពោះភ្លេចភ្លាំង ដែលមិនបានបំពាក់អាវក្រោះ ការពារសុវត្ថិភាព ឲ្យកងទ័ពកម្ពុជា កាលពីអំឡុងមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា-ថៃ ។

ជាមួយនឹងការធ្វេសប្រហែស មិនបានបំពាក់អាងក្រោះ និងមួកដែកការពារសុវត្ថិភាព ដល់កងទ័ពកម្ពុជានេះ ដោយមិននឹកស្មានថា មានសង្គ្រាមជាមួយគ្នា រវាងកម្ពុជា-ថៃនោះ សម្តេចតេជោ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រសាសន៍ថា ដើម្បីប៉ះប៉ូវវិញ កម្ពុជានឹងផលិតអាវក្រោះការពារសុវត្ថិភាព ដើម្បីបំពាក់លើកងទ័ព ហើយក៏អាចនាំចេញ ទៅក្រៅប្រទេសផងដែរ បើមានការបញ្ជាទិញ ។

បើតាមសម្តេចតេជោ ចំពោះការផលិតអាវក្រោះនេះ គឺសម្តេចនឹងធ្វើជាថៅកែផលិតអាវ ដើម្បីនាំចេញ ។

សម្តេចតេជោគូសបញ្ជាក់ថា “ក្រឡេកមើលកងទ័ពមើល យើងមានការភ្លាត់ភ្លាំង ខ្ញុំទទួលស្គាល់ដោយយើង មិនបានបំពាក់អាវក្រោះ អាវការពារ អាវសុវត្ថិភាព ឲ្យបងប្អូន ប៉ុន្តែឥឡូវវាលើសពីការគ្រប់គ្រាន់ហើយ តើគេធ្វើអី អាហ្នឹងក៏ជាវិស័យការពារជាតិ ដែលគេធ្វើដោយស្ងាត់ស្ងៀម ។ បន្តិចទៀតខ្ញុំនឹងមានម៉ាក់មួយ DSS សម្រាប់ផលិត បំពាក់ឲ្យកងទ័ពហើយនាំចេញទៀត” ៕

To Top