កម្ពុជា ស្នើសហគមន៍អន្ដរជាតិ ជំរុញភាគីថៃ ឱ្យទទួលខុសត្រូវ ករណីទាហានថៃ រំលោភបំពាន លើនារីខ្មែរម្នាក់
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើសហគមន៍អន្តរជាតិ ជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវ ចំពោះករណីទាហានថៃ បានរំលោភបំពាន មកលើនារីខ្មែរម្នាក់ ខណៈ គ.ស.ម.ក. ចាត់ទុកការរំលោភផ្លូវភេទ គឺ ជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដោយ គ្មានការលើកលែង។
យោងតាមសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ.ស.ម.ក. បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអំពើជាបន្តបន្ទាប់ របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ។
អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និង ការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗ ចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។
បន្ថែមពីនេះ កងទ័ពកម្ពុជាចំនួន១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ ព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារ ដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់ និងរបួស ហើយរាប់រយគ្រួសារទៀត ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែងទាំងយប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ត្រូវបាន ទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
គ.ស.ម.ក. ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា «ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង»។
គ.ស.ម.ក. គូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែក្រើនរម្លឹក និងណែនាំដល់ប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សា លើប្រជាពលរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃ ក្នុងពន្ធនាគារនៅក្នុងប្រទេស កម្ពុជា។
គ.ស.ម.ក. បានបញ្ជាក់ថា «ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ ។ បន្ថែមលើនេះ សូមសហគមន៍អន្តរជាតិ មេត្តាជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរ បស់ខ្លួនក្រោមច្បាប់ សិទ្ធិមនុស្សអន្តរជាតិជាធរមាន ។ ប្រសិនបើ ប្រទេសថៃ មិនដោះស្រាយ ករណីទាំងនេះ ឱ្យទាន់ពេលវេលា និង ផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេស គ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេស ដែលការពារឧក្រិដ្ឋជនផងដែរ ។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់ គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក»៕
