នាវា WESTERDAM ដឹកភ្ញៀវចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ ចូលទស្សនាកម្ពុជា
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLANDដែលបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា ។

នាវាទេសចរណ៍អន្តរជាតិបាននេះ បានចូលចត់ នាវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ , ប្រវែងទទឹង ៣២,២០ ម៉ែត្រ និងជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន៣៩ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន៤៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ។

នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០នៅថ្ងៃដដែល ។

សូមរំលឹកថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam នេះធ្លាប់បានចូលចត នៅកម្ពុជា ចំនួន៣លើកហើយ រួមទាំងលើកនេះគឺ៤លើក ។ ដោយលើកទី១ ជាប្រវត្តិសាស្រ្តក្នុងសម័យកូវីដ អំឡុងឆ្នាំ២០២០ គឺកម្ពុជាបានអនុញ្ញាត ឲ្យចូលចត ដោយបានដឹកភ្ញៀវ ជាច្រើនពាន់នាក់ផងដែរ ខខណៈប្រទេសផ្សេង មិនអនុញ្ញាតឲ្យចូលចតឡើយ ។

សម្រាប់លើកទី២ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី៣ នៅខែមករា ឆ្នាំ២០២៤ ៕


