ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អំពាវនាវពលរដ្ឋខ្មែរ មានបំណងវិល​ត្រឡប់មកកម្ពុជាវិញ ធ្វើដំណើរតាមច្រកទ្វារព្រំដែនផ្លូវការ ចៀសវាងហានិភ័យផ្សេងៗ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាពលរដ្ឋ ជាពលករនៅប្រទេសថៃ មានបំណងវិលត្រឡប់ ចូលមាតុប្រទេសវិញ ធ្វើដំណើរមកតាមច្រកទ្វារព្រំដែនផ្លូវការ ដើម្បីចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។

ការអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បន្ទាប់ពីកម្លាំងប្រដាប់អាវុធថៃ បានភួង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សាលើពលករខ្មែរ ជាពិសេសក្រុមកម្លាំងប្រដាប់ អាវុធថៃយ៉ាងតិច ៧នាក់ បានគំរាមដោយប្រដាប់អាវុធ បង្ខំបំបែកយុវតីរងគ្រោះ ចេញពីចំណោមក្រុមពលករខ្មែរ ផ្សេងទៀត យកទៅក្នុងព្រៃ ព្រួតចាប់រំលោភបូកលើនាងយ៉ាងអសីលធម៌ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគ្រាដែលក្រុមពលករខ្មែរ បម្រុងឆ្លងព្រំដែនពីខេត្តឈុនបុរីថៃ ចូលមកទឹកដីខេត្ត បាត់ដំបងរបស់កម្ពុជា ។

នេះបើយោងតាមសេចក្តីថ្កោលទោស កម្លាំងប្រដាប់អាវុធថៃ ភ្លង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សា និងចាប់រំលោភបូកពលការិនីខ្មែរ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ចាប់ខ្លួន ឧក្រិដ្ឋជនជាកម្លាំងប្រដាប់អាវុធថៃទាំង៧នាក់ និងជនពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់។ ទន្ទឹមនឹងនេះ សូមទទួចសហគមន៍អន្តរជាតិពាក់ព័ន្ធ មេត្តាតាមដាន និងដាក់សម្ពាធលើភាគីថៃ ដើម្បីយុត្តិធម៌ពិត ប្រាកដរបស់មនុស្សជាតិ។

ក្រសួង ថា «ជាមួយគ្នានេះ យើង ក៏អំពាវនាវដល់សាធារណជនថៃ កុំជឿលើការបំភ្លៃថាជា ព័ត៌មានមិនពិត ដែលបំភាន់ដោយក្រុមជ្រុលនិយមថៃ ដោយសូមចូលរួមជំរុញឱ្យរដ្ឋាភិបាលខ្លួន បង្ហាញ ការទទួលខុសត្រូវ ដើម្បីស្តារមុខមាត់ថៃ បង្ហាញសហគមន៍អន្តរជាតិថា ថៃពិតជាប្រទេសមួយដែលមាន ក្រមសីលធម៌ គោរពសិទ្ធិមនុស្ស និងជាប្រទេសដែលកំពុងរីកចម្រើន គួរឱ្យចង់រាប់អានយកជាមិត្តបាន»។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា «សូមអំពាវនាវប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាពលរដ្ឋ ជាពលករនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់ចូលមាតុប្រទេសវិញ សូមធ្វើ ដំណើរមកតាមច្រកទ្វារព្រំដែនផ្លូវការ និងសូមផ្តល់ដំណឹង មកកាន់ក្រុមគ្រួសារ ឬទំនាក់ទំនងផ្តល់ព័ត៌មាន មកអាជ្ញាធរ មន្ត្រីប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែន ដើម្បីចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ ជាអាទិ៍ ដូចករណីខាងលើ» ៕

To Top