ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តចូលរួមចំណែក ចែករំលែកបទ ពិសោធន៍ និង ស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿន ការផ្លាស់ប្តូរប្រព័ន្ធ ស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។

ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាគន្លឺះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធ នៃជើងឯកសម្រាប់ការផ្លាស់ប្តូរ ប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត បានឲ្យដឹងថា « យើងអាចធានាថា ប្រព័ន្ធស្បៀង អាហារក្លាយជាមូលដ្ឋានគ្រឹះ នៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកប ដោយចីរភាព»

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថា ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាល នៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ជាមួយគ្នានេះ លោក បានលើកឡើងថា ផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូលការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់ការកាត់បន្ថយ ការសម្របខ្លួន និងកសាងភាពធន់នឹងអាកាសធាតុ។

កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់របបអាហារប្រកបដោយចីរភាព និងមានសុខភាពល្អ; ការពង្រីកកសិកម្មឆ្លាតវៃ និងធន់នឹងអាកាសធាតុ; ការជំរុញការស្តារ តំបន់ការពារទេសភាព និងវិធីសាស្រ្តផ្អែក លើប្រព័ន្ធ អេកូឡូស៊ី; ការកាត់បន្ថយសំណល់ចំណីអាហារ; និងការបញ្ចូលសមភាពយេនឌ័រ ទៅក្នុងសកម្មភាពទាំងអស់។ លើសពីនេះ អាទិភាពទាំងនេះត្រូវបានចង្អុលបង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួន ពីរ របស់កម្ពុជា ទី១ ផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ២០២៥-២០៣០ និងយុទ្ធសាស្ត្រជាតិលើកទី ៣ សម្រាប់សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភឆ្នាំ ២០២៤-២០២៨។

លោក បានថ្លែងបន្តថា តាមរយៈសម្ព័ន្ធភាពនេះ កម្ពុជាទទួលបានបទពិសោធន៍រួមគ្នា លើការរួមបញ្ចូលប្រព័ន្ធស្បៀងអាហារ និងគោលនយោបាយអាកាសធាតុនៅតាមក្រសួង និងស្ថាប័ននានានៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកផ្តល់ជំនួយទ្វេភាគីជាដើម។ ការដាក់ឱ្យដំណើរការក្របខ័ណ្ឌវឌ្ឍនភាពរបស់សម្ព័ន្ធ ACF នៅថ្ងៃនេះ ក៏ជាការបង្ហាញការរួមគ្នាចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិបត្តិការ និងការកៀរគរធនធានបន្ថែមទៀត។

សូមបញ្ជាក់ថា សម្ព័ន្ធAlliance of Champions for Food System Transformation ,ACF នៅក្នុងឆ្នាំនេះ បានទទួលស្វាគមន៍ ប្រទេសអ៊ីតាលី និងវៀតណាម ជាសមាជិកថ្មី។ សម្ព័ន្ធនេះបានដំណើរការចាប់ពីCOP28 ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានប្រទេសសមាជិកចំនួន៥ប្រទេសរួចមកហើយ រួមមានប្រទេសប្រេស៊ីល កម្ពុជា ន័រវែស រវ៉ាន់ដា និងសៀរ៉ាឡេអូន ។ ប្រទេសទាំងអស់ បានធ្វើការប្ដេជ្ញាចិត្ត ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ នៅក្នុងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសខ្លួន ដើម្បីផ្តល់លទ្ធផលកាន់តែប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ៕

To Top